ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ ដោយផ្តោតលើកការពង្រឹងកិច្ចសហការ និងជំរុញការអភិវឌ្ឍមូលដ្ឋាន

ខេត្តព្រះសីហនុ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ —រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សាមុត សុធារិទ្ធ អភិបាលស្តីទី ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត គឺជាយន្តការប្រចាំខែដ៏សំខាន់ក្នុងការពិនិត្យ ពិភាក្សា និងសម្រេចលើបញ្ហាប្រឈម ក៏ដូចជាវឌ្ឍនភាពការងារនានាក្នុងដែនសមត្ថកិច្ចខេត្ត។ កិច្ចប្រជុំផ្តោតលើការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកមុន ដើម្បីធានាបាននូវភាពច្បាស់លាស់ និងការអនុវត្តតាមស្មារតីរួមពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ សំដៅលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំខេត្តបានបញ្ជាក់ពីសារៈសំខាន់នៃការសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ទីរអង្គភាពជំនាញទាំងអស់ ដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការទាក់ទាញវិនិយោគិនបន្ថែមទៀត។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ តម្លាភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនឥតឈប់ឈររបស់ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេស។

អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ