ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ អ៊ួន សុវណ្ណារិន្ទ នាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ ១៦២អង្គ នៅវត្តនិរោធរង្សី ក្នុងឱកាសកាន់បិណ្ឌវេនទី៩

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងលោកជំទាវ អ៊ួន សុវណ្ណារិន្ទ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់ និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន ១៦២អង្គ នៅវត្តនិរោធរង្សី ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅក្នុងពិធីបុណ្យកុសលនេះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទបានចូលរួមប្រកបដោយទឹកចិត្តជ្រះថ្លា ក្នុងសកម្មភាពសាសនា ដូចជាការសូត្រមន្ត នមស្ការ និងចម្រើនព្រះបរិត្ត ការរាប់បាត្រ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ការធ្វើពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធមាតាបិតា ជីដូនជីតា និងញាតកាទាំង៧សណ្តាន ព្រមទាំងវីរជនជាតិ និងអ្នកស្នេហាជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

ទេយ្យទាន និងបច្ច័យដែលបានវេរប្រគេន និងជូនក្នុងពិធីរួមមាន៖

បច្ច័យប្រគេនវត្ត ៣០,០០០,០០០ រៀល បច្ច័យចង្ហាន់ ៥,០០០,០០០ រៀល បច្ច័យប្រគេនព្រះគ្រូចៅអធិការវត្ត ១០‌០,០០០ រៀល បច្ច័យប្រគេនព្រះសង្ឃ ១៦២អង្គ ២០,០០០ រៀល/១អង្គ។ 

គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រគេនវត្ត រួមមាន សាដក ១៦២ ឈុត អង្ករ ១០០គីឡូក្រាម ស្ករស ១០០គីឡូក្រាម មី ២០កេសតូច ភេសជ្ជៈ ១០កេស ទឹកបរិសុទ្ធ ៦០កេស ត្រីខ ២កេសធំ ទឹកដោះគោខាប់ ២កេសធំ ផ្លែឈើ ២កន្ត្រក និងអំណោយជូនលោកតា លោកយាយ ថវិកាម្នាក់ៗចំនួន ២០,០០០ រៀល។ 

បញ្ជាក់ផងដែរថា ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ អ៊ួន សុវណ្ណារិន្ទ ព្រមទាំងក្រុមគ្រួសារ តែងតែអញ្ជើញចូលរួមធ្វើបុណ្យកាន់បិណ្ឌវេនទី៩ និងភ្ជុំបិណ្ឌ នៅវត្តនិរោធរង្សីនេះជាប្រចាំជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ៕