ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី នាំយកអំណោយអន្តរក្រសួងចែកជូនប្រជាពលរដ្ឋ កម្លាំងប្រជាការពារ និងអ្នកអនាម័យ ក្នុងខណ្ឌដូនពេញ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស កំពុងប្រារព្ធរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏ធំ និងមានសារៈសំខាន់នោះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងបាននាំយកនូវអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់អន្តរក្រសួង ចែកជូនដល់ប្រជាពលរដ្ឋ កម្លាំងប្រជាការពារ និងបងប្អូនអ្នកបោសសម្អាតតាមទីសាធារណៈ នៃក្រុមហ៊ុន Mizuda ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ សរុបប្រមាណ ២០០ នាក់។
ពិធីសំណេះសំណាល និងចែកអំណោយនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី លោក ចាប ឌីណា អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ត្រីរាជការ អ្នកមុខអ្នកការ និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងនៅក្នុងឱកាសជំនួបសំណេះសំណាល ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នរដ្ឋ និងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី តែងតែរួបរួមគ្នារៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ យ៉ាងអធិកអធមបំផុត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារៈសំខាន់ របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប ដែលត្រូវបានប្រារព្ធឡើងតាំងពីបុរាណកាលមក ក្នុងបំណងឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។
ក្រៅពីការធ្វើបុណ្យទានឧទ្ទិសកុសល ពិធីបុណ្យដ៏ថ្លៃថ្លានេះ ក៏ជាឱកាសដ៏ល្អប្រសើរមួយ សម្រាប់ការជួបជុំគ្នារវាងឪពុកម្តាយ បងប្អូន ញាតិមិត្តសាច់សាលោហិត ដែលរស់នៅ និងបំពេញការងារនៅទីកន្លែងផ្សេងៗគ្នា បានមកជួបជុំ សាកសួរ និងស្វែងយល់អំពីសុខទុក្ខ ក៏ដូចជាដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងបង្កើនបាននូវសាមគ្គីភាព និងក្តីស្រឡាញ់យ៉ាងទូលំទូលាយនៅក្នុងសង្គមជាតិទាំងមូលផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម ឈិន កេតនា ក៏បានរំលឹក និងជម្រាបជូនបន្ថែមថា សម្រាប់ឆ្នាំ២០២៦នេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
នៅក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងអាណិតស្រឡាញ់បំផុត ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋ កម្លាំងប្រជាការពារ និងបងប្អូនក្រុមអ្នកបោសសម្អាតអនាម័យតាមទីសាធារណៈទាំងអស់នៃក្រុមហ៊ុនMizuda ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងខិតខំប្រឹងប្រែងប្រកបការងារ ឬមុខរបរទទួលទានប្រចាំថ្ងៃ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន និងគ្រួសារឱ្យកាន់តែមានភាពធូរធារ និងប្រសើរឡើងថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសជាតិយើងកំពុងបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជាបន្តវេន ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ផងដែរថា អំណោយ និងថវិកាមួយចំនួនរបស់អន្តរក្រសួង ដែលត្រូវបាននាំយកមកប្រគល់ជូនដល់ប្រជាពលរដ្ឋ កម្លាំងប្រជាការពារ និងក្រុមអ្នកបោសសម្អាតអនាម័យតាមទីសាធារណៈនៃក្រុមហ៊ុន Mizuda សរុបប្រមាណ ២០០ នាក់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ នាពេលនេះ ដោយក្នុងម្នាក់ៗទទួលបាន៖
មី ,ទឹកដោះគោ, ស្ករស, ត្រីខកំប៉ុង, នំក្រៀម, សារុង, ក្រមា, ព្រមទាំងថវិកាលើកទឹកចិត្តមួយចំនួនផងដែរ។ការទទួលបាននូវអំណោយ និងការយកចិត្តទុកដាក់នាពេលនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ កម្លាំងប្រជាការពារ និងបុគ្គលិកអនាម័យទាំងអស់ សម្តែងនូវក្តីរំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលតែងតែគិតគូរ និងមិនបោះបង់ចោលប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈឡើយ៕


