ការផ្សារភ្ជាប់វប្បធម៌-ទេសចរណ៍ និងបច្ចេកវិទ្យាមនុស្ស Robot របស់ប្រទេសចិនបានទាក់ទាញភ្ញៀវទេសចរកើនឡើងលើសពីរាល់ឆ្នាំ ក្នុងថ្ងៃសម្រាកបុណ្យជាតិ២០២៦នេះ

ទីផ្សារវប្បធម៌និងទេសចរណ៍របស់ប្រទេសចិនកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងអំឡុងពេលនៃថ្ងៃឈប់សម្រាកបុណ្យជាតិឆ្នាំ២០២៦នេះ ដោយមានជម្រើសជាច្រើនដូចជា ការទៅកម្សាន្តនៅតំបន់ទេសភាពធម្មជាតិ ការដើរកម្សាន្តនារដូវស្លឹកឈើជ្រុះ ទេសចរណ៍បែបប្រវត្តិសាស្ត្របដិវត្តន៍ ការកម្សាន្តពេលរាត្រី និងដំណើរកម្សាន្តបែបវប្បធម៌ដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសជាដើម។ សំឡេងតន្ត្រីព្យាណូដ៏ប្លែកភ្នែកមួយត្រូវបានគេឮឡើងនៅលើកោះ Gulangyu ដែលជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងខេត្ត Fujian។ នៅទីនេះមានមនុស្សយន្ត ឬ Robot មួយអង្គុយយ៉ាងត្រង់ខ្លួននៅមុខព្យាណូ ហើយម្រាមដៃរបស់គេបានចុចឡើងចុះ បញ្ចេញជាបទភ្លេងដ៏ល្បីល្បាញ “The Waves of Gulangyu” ឬ រលកនៃកោះ Gulangyu បានបន្លឺសុសសាយនៅតំបន់ Piano Wharf។ កន្លែងខ្លះមានមនុស្សយន្តរាំ ធ្វើចលនាតាមចង្វាក់ភ្លេង ដោយសម្តែងជូនភ្ញៀវទេសចរដែលបានឈប់ទស្សនាពួកវា។ តំបន់ទេសភាព Three Natural Bridges ឬ ស្ពានធម្មជាតិទាំងបី នៅ Wulong ក្រុង Chongqing វិញក៏បានទាក់ទាញភ្ញៀវទេសចរច្រើនមិនធម្មតាដែរជាមួយនឹងទេសភាពភ្នំថ្មកំបោរដ៏អស្ចារ្យ។ ដោយប្រើប្រាស់អត្ថប្រយោជន៍ពីភាពអស្ចារ្យនៃភ្នំថ្មកំបោរ និងទឹកដ៏ប្លែកពីគេនោះ អាជ្ញាធរមូលដ្ឋានបានសាងសង់ឆាកសម្តែងបែបធម្មជាតិ និងបានដាក់ឱ្យដំណើរការនូវបទពិសោធន៍ទេសចរណ៍បែបវប្បធម៌ដោយផ្ទាល់ដែរ  ឬ immersive experience។ សិល្បៈសម្តែងពន្លឺដ៏អស្ចារ្យមួយត្រូវបានធ្វើឡើងនៅខ្លោងទ្វារ Binyang ក្នុងស្រុក Shouxian ខេត្ត Anhui ដែលមានការដង្ហែររថយន្តតុបតែងយ៉ាងស្រស់ស្អាត និងការសម្តែងសិល្បៈប្រជាប្រិយ បង្កើតបានជាបរិយាកាសដ៏រស់រវើកគួរឲ្យចង់ទស្សនា។ ឧទ្យានពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបីរបស់ចិននៅ Chengdu ខេត្ត Sichuan ត្រូវបានបំភ្លឺដោយពន្លឺភ្លើងចែងចាំងគ្រប់ទិសទី។ អំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិនេះ ឧទ្យានជាតិចិនបានកត់ត្រានូវចំនួនភ្ញៀវទេសចរហក់ឡើងខ្ពស់បំផុត មិនគួរឲ្យជឿ៕

សម្រួលអត្ថបទ៖ សុផារិន្ទ