អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការវាយតម្លៃក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់

ការអនុវត្តពាក់កណ្តាលអាណត្តិផ្សារភ្ជាប់ជាមួយវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»

នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា គ.ស.២០២៦, នៅសណ្ឋាគារសុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំសិក្ខាសាលាស្តីពី «ការវាយតម្លៃក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ការអនុវត្តពាក់កណ្តាលអាណត្តិផ្សារភ្ជាប់ជាមួយវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។ ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងមកពីគ្រប់អង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ ៤០០ នាក់។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្ដី បានជម្រាបជូនអង្គពិធីថា  បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ ក្រោមមគ្គុទ្ទេសក៍ប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ប្រព័ន្ធរដ្ឋបាលសាធារណៈត្រូវបានរៀបចំពង្រឹង និងកែលម្អជាបន្តបន្ទាប់ ដោយឈរលើអភិក្រម «កែទម្រង់រស់ មិនកែទម្រង់ស្លាប់»។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយឆន្ទៈកែទម្រង់ដ៏ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងខិតខំអភិវឌ្ឍប្រទេស និងកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ, ការពារអធិបតេយ្យ និងបូរណភាពទឹកដី, ឆ្លើយតបឱ្យបានទាន់ពេលទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន និងបង្កើនភាពធន់ប្រឈមមុខនឹងហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ពីកត្តាខាងក្រៅ ដែលជាប្រការយាយីដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាបន្ន។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្ដី បានរំលឹកថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ធ្លាប់បានគូសបញ្ជាក់រួចមកហើយថា ដើម្បីឱ្យការកែទម្រង់អាចទទួលបានជោគជ័យត្រូវការកត្តា ០៤ យ៉ាង ដូចជា៖ មានចក្ខុវិស័យច្បាស់, មានការប្តេជ្ញាចិត្តខ្ពស់, មានការចូលរួម និងការលះបង់។ ជាមួយគ្នានេះ ឈរលើអភិក្រមការងារ «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្រសួង ស្ថាប័ន ត្រូវបង្កើននូវកិច្ចសហការគ្នាជាធ្លុងមួយ ក្នុងការជំរុញឱ្យការងារកែទម្រង់នានារបស់រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលកាន់តែប្រសើរ។ ក្នុងស្មារតីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានបន្ដខិតខំប្រឹងប្រែងអនុវត្តមុខងាររបស់ខ្លួនគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងចូលរួមសហការយ៉ាងពេញលេញក្នុងការអនុវត្តវិធានការគន្លឹះនានាក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលសម្របសម្រួលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ)។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្ដី បានគូសរំលេចបន្ថែមថា, កម្មវិធីសិក្ខាសាលានាថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពី «ស្មារតីការងារសកម្ម និងបុរេសកម្ម» ក្នុងការតាមដាន និងវាយតម្លៃការអនុវត្តក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួង និងការខិតខំប្រឹងប្រែងក្នុងការបន្ស៊ីការអនុវត្តសកម្មភាពថែមទៀតជាមួយនឹងវិធានការគន្លឹះនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។ លើសពីនេះ ស្របតាមទិសដៅនៃការងារកែទម្រង់ ការត្រៀមលក្ខណៈសម្រាប់ធ្វើទំនើបកម្មប្រព័ន្ធការងារគន្លឹះៗ និងចាំបាច់មួយចំនួនទៀត ក៏នឹងត្រូវលើកយកមកជជែកពិភាក្សាផងដែរ ជាពិសេស ការប្រមូលធាតុចូល ដើម្បីពង្រឹងយន្តការគ្រប់គ្រងសមិទ្ធកម្មរបស់បុគ្គលិក-មន្ត្រីរាជការ សំដៅកំណត់ឱ្យបានច្បាស់លាស់នូវលទ្ធផលការងាររបស់មន្ត្រីម្នាក់ៗ តម្រូវការមន្ត្រីជាក់ស្ដែង ការពង្រឹងសមត្ថភាពមន្ត្រី និងការពង្រាយមន្ត្រីឱ្យចំជំនាញ និងតម្រូវការពិតប្រាកដ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្ដី បានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងទាំងអស់ ត្រូវបន្តខិតខំចូលរួមអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការសកម្មភាពនានា ស្របតាមទិសដៅការងារដែលបានកំណត់ក្នុងក្របខណ្ឌគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

ជាពិសេសត្រូវបន្តផ្ដោតលើការប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ឱ្យអស់ពីលទ្ធភាពនិងសក្ដានុពល ចំជំនាញ និងពង្រាយមន្ត្រីឱ្យចំគោលដៅ ស្របតាមអភិក្រម ៥R របស់ សម្តេចមហាបវរធិបតី៖ ទី១ Retain (ថែរក្សា), ទី២ Retrain and Retain (បណ្តុះបណ្តាលពង្រឹងសមត្ថភាព ហើយថែរក្សា), ទី៣ Reassign (ពង្រាយមន្ត្រី), ទី៤ Retrench (កាត់បន្ថយចំពោះមន្ត្រីដែលអសកម្ម) និងទី៥ Recruit (ជ្រើសរើសមន្រ្តីថ្មី) ក្នុងន័យពង្រឹងគុណភាពជាជាងពង្រីកបរិមាណ ចៀសវាងឱ្យបាននូវឃ្លាមួយដែលថា «លើស តែខ្វះ»។ ជាមួយគ្នានេះផងដែរ ក្នុងការកសាងនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងឱ្យប្រកបដោយ គុណវុឌ្ឍិ សមត្ថភាព និងផលិតភាព ដែលអាចឆ្លើយតបបានពេញលេញចំពោះការវិវត្តនៃសង្គម-សេដ្ឋកិច្ច និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន, ឯកសារចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០៣០ បានកំណត់នូវអភិក្រម ០៤ ត្រូវ គឺ៖ រើសត្រូវ បណ្តុះបណ្តាលត្រូវ ប្រើប្រាស់ត្រូវ និងទុកដាក់ត្រូវ។

 ជាទីបញ្ចប់, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្ដី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះគំនិត ផ្ដួចផ្ដើមរៀបចំសិក្ខាសាលានេះឡើង និងចំពោះសមិទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចបានកន្លងមកនេះ ទាំងក្នុងការអនុវត្តមុខងារស្នូលនិងមុខងារពាក់ព័ន្ធ ជាពិសេសការងារគាំទ្រដល់កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល។ បន្ថែមនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្ដី បានក្រើនរំលឹកសាជាថ្មីឱ្យគ្រប់បណ្ដាអង្គភាព និងបុគ្គលិក-មន្ត្រីរាជការ របស់ក្រសួងទាំងអស់ ត្រូវបន្តគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិច្បាប់ និងគោលការណ៍ណែនាំជាធរមាននានា ព្រមទាំងតម្កល់ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន នូវ «គុណតម្លៃស្ថាប័ន» នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំង ០៦ រួមមាន៖ ក្រមសីលធម៌វិជ្ជាជីវៈ, ស្មារតីបុរេសកម្ម, ប្រតិតុល្យការ, ប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, នវានុវត្តន៍ និងគុណាធិបតេយ្យ៕