ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារមនុស្សវ័យចាស់ ក្រសួងធម្មការ និងសាសនា
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារមនុស្សចាស់ក្រសួងធម្មការនិងសាសនាបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារមនុស្សវ័យចាស់ក្រសួងធម្មការ និងសាសនា ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើ របាយការណ៍ផ្តល់ធាតុចូលសម្រាប់រៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តគោលនយោបាយមនុស្សវ័យចាស់ និង ការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំក្នុងវិស័យធម្មការ និងសាសនា នៅទីស្តីការគណបក្សក្រសួង។
ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារបានពិភាក្សាលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ដោយផ្តោតលើការពង្រឹងតួនាទីរបស់ វត្តអារាម ស្ថាប័នសាសនា គ្រួសារ និងសហគមន៍ ក្នុងការគាំពារ លើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សវ័យចាស់។ កិច្ចប្រជុំនេះបានបង្ហាញពីការបន្តយកចិត្តទុកដាក់របស់ក្រសួងធម្មការ និងសាសនា ក្នុងការចូលរួមអនុវត្តគោលនយោបាយមនុស្សវ័យចាស់ និងកសាងសង្គមដែលគោរព និងផ្តល់តម្លៃដល់មនុស្សគ្រប់វ័យ។
ជាមួយគ្នានេះ ឯកឧត្តមបានបន្តបញ្ជាក់ទៀតថា ក្រុមការងារបានពិភាក្សាអំពីការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ដោយផ្តោតលើការកំណត់ ចក្ខុវិស័យ គោលដៅ អាទិភាពយុទ្ធសាស្ត្រ សកម្មភាពសំខាន់ៗ សូចនាករវាស់វែង និងយន្តការតាមដាន និងវាយតម្លៃ ឱ្យមានភាពច្បាស់លាស់ និងអាចអនុវត្តបានជាក់ស្តែង។ ផែនការយុទ្ធសាស្ត្រនេះនឹងផ្តោតលើការពង្រឹងតួនាទីរបស់វិស័យធម្មការ និងសាសនា ក្នុងការចូលរួម៖
១. លើកកម្ពស់សេចក្តីថ្លៃថ្នូរ និងការគោរពមនុស្សវ័យចាស់ តាមរយៈការអប់រំសីលធម៌ និងគុណធម៌។
២. ពង្រឹងការគាំពារផ្លូវចិត្ត និងសង្គម សម្រាប់មនុស្សវ័យចាស់ តាមរយៈសកម្មភាពសាសនា និងសហគមន៍។
៣. លើកកម្ពស់តួនាទីគ្រួសារ ក្នុងការថែទាំ គោរព និងផ្តល់ភាពកក់ក្តៅដល់មនុស្សវ័យចាស់។
៤. ប្រើប្រាស់សក្តានុពលវត្តអារាម និងស្ថាប័នសាសនា ជាកន្លែងភ្ជាប់មនុស្សវ័យចាស់ជាមួយសហគមន៍ តាមរយៈការស្តាប់ព្រះធម៌ សកម្មភាពសង្គម និងសកម្មភាពសាមគ្គីភាព។
៥. លើកកម្ពស់ការចូលរួមរបស់មនុស្សវ័យចាស់ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ ប្រពៃណី វប្បធម៌ និងគុណតម្លៃសីលធម៌ទៅកាន់យុវជន និងជំនាន់ក្រោយ។
៦. ពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ សាសនស្ថាន អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីឱ្យការគាំពារមនុស្សវ័យចាស់មានលក្ខណៈជាប្រព័ន្ធ និងមានចីរភាព។
#ក្រសួងធម្មការនិងសាសនា #មនុស្សវ័យចាស់ #គោលនយោបាយមនុស្សវ័យចាស់ #វត្តអារាម #សហគមន៍



