ក្រសួងសុខាភិបាល សហការជាមួយសមាគមគ្រូពេទ្យជំងឺមហារីកកម្ពុជា រៀបចំពិធីផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ក្រោមប្រធានបទ « រកឃើញទាន់ពេល ព្យាបាលមានប្រសិទ្ធភាព ក្តីសង្ឃឹមខ្ពស់ »
ក្រសួងសុខាភិបាល សហការជាមួយសមាគមគ្រូពេទ្យជំងឺមហារីកកម្ពុជាបានរៀបចំពិធីផ្សព្វផ្សាយស្តីពី ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ក្រោមប្រធានបទ « រកឃើញទាន់ពេល ព្យាបាលមានប្រសិទ្ធភាព ក្តីសង្ឃឹមខ្ពស់ » ពិធីនេះប្រព្រឹត្តទៅនាថ្ងៃទី៣ ខែតុលា ក្រោមអធិបតីភាព ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពី តំណាងមន្ទីរពេទ្យជាតិ តំណាងអង្គការដៃគូអភិវឌ្ឍន៍ វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល ក្រុមប្រឹក្សាភិបាល និងសមាជិកសមាគមន៍ គ្រូពេទ្យ ជំងឺមហារីកកម្ពុជា និស្សិត ប្រជាពលរដ្ឋ និងតំណាងអ្នកជំងឺមហារីកសុដន់ សរុបប្រមាណ ប្រហែលជា៤០០ នាក់ ។
ឯកឧត្តមរដ្ឋលេខាធិការ ង៉ូវ កាង បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះ
ឡើងក្នុងគោលបំណងបង្ហាញយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ គឺ៖
១-លើកកម្ពស់ការយល់ដឹងទូលំទូលាយ៖ ផ្តល់ចំណេះដឹងអំពីជំងឺមហារីកសុដន់ កត្តាហានិភ័យ និងរោគសញ្ញាសំខាន់ៗ ជូនដល់អ្នកជំងឺ ក្រុមគ្រួសារ បុគ្គលិកសុខាភិបាល និងសាធារណជន ។
២-បង្ហាញពីសមត្ថភាព និងការគាំទ្រ៖ បង្ហាញពីលទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលាក្នុងប្រព័ន្ធសុខាភិបាលបច្ចុប្បន្ន ។
៣-ចែករំលែកសក្ខីភាពនៃក្តីសង្ឃឹម៖ បង្ហាញពីភាពជោគជ័យនៃការព្យាបាល ដើម្បីកាត់បន្ថយការភ័យខ្លាច កាត់បន្ថយការរើសអើង និងផ្តល់កម្លាំងចិត្តដល់អ្នកជំងឺ ។
៤-ចូលរួមចលនាសាកល៖ ភ្ជាប់កម្ពុជាទៅនឹងចលនារបស់ពិភពលោក ក្នុងការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់លើស្ត្រី ។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការផ្សព្វផ្សាយពីជំងឺមហារីកសុដន់ (Breast Cancer Awareness) ត្រូវបានរៀបចំឡើងតាមរូបភាពផ្សេងៗគ្នាជារៀងរាល់ឆ្នាំ ដោយប្រទេសជាច្រើននៅជុំវិញពិភពលោក ។



