បងប្អូនកម្មករនិយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ៥០០នាក់ទទួលបានការកាត់សក់ដោយឥតគិតថ្លៃពីកម្មវិធី “កាត់សក់បង្កក់សិរី” ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “កាត់សក់បង្កក់សិរី” ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនីជាង និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៥០០នាក់នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦។ កម្មវិធីនេះមានគោលបំណង ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ
និងផ្សព្វផ្សាយពីឱកាសការងារ ក៏ដូចជាកម្មវិធី TVET ជាពិសេសសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមមិត្តយើង ដែលបានសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួងស្ថាប័នជាគូផ្សេងទៀតដែលបានរៀបចំកម្មវិធីដ៏សំខាន់នេះឡើង ដើម្បីឱ្យបងប្អូនទទួលបានការកាត់សក់ គាបសក់ និងផ្លុំសក់ដោយឥតគិតថ្លៃពីសំណាក់ក្រុមជាងសក់ដែលមានជំនាញដ៏ចំណានប្រមាណ ៨០នាក់ពី សមាគមមិត្តយើង នាពេលនេះ។ ជាការត្រៀមខ្លួនចូលរួមបុណ្យភ្ជុំបិណ្ឌ ការកាត់សក់នេះ ក៏ជាការជួយលើកសម្រស់បានមួយកម្រិតទៀត និងជួយសន្សំសំចៃប្រាក់បានមួយចំនួនផងដែរ ជាពិសេសគឺសម្រាប់បងប្អូនកម្មការិនី។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនបងប្អូនកម្មករនិយោជិតពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្តេចបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងសាធារណៈរហូតដល់ទៅចំនួន ៦០០គ្រឿងនៅឆ្នាំនេះ ដើម្បីផ្តល់សេវាដឹកជញ្ជូនជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងពេលទៅលេងស្រុកកំណើត និងពេលត្រឡប់មកវិញដោយឥតគិតថ្លៃ ដែលអាចជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរបានមួយចំនួនធំផងដែរ។ ឯកឧត្តមបានអំពាវនាវឱ្យបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋប្រើប្រាស់រថយន្តទាំងនេះ ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្រ្តីបានជូនពរបងប្អូនកម្មករ កម្មការិនីទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលនឹងចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ ហើយក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការខិតខំប្រឹងប្រែងព្យាយាមបំពេញការងារ ដែលជួយធ្វើឱ្យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដំណើរការយ៉ាងរលូន ដែលជាការរួមចំណែកយ៉ាងធំធេងដល់ការទ្រទ្រង់សេដ្ឋកិច្ចជាតិ៕