ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព អញ្ជើញក្នុងពិធីកាន់បិណ្ឌទី៧ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត

ក្នុងឱកាសនៃពិធីកាន់បិណ្ឌទី៧ បានមកដល់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពាន គ្រុប ព្រមទាំង បងប្អូន បុត្រាបុត្រី និង សហការីក្រុមហ៊ុន ឆេមពាន គ្រុបទាំងអស់ បានអញ្ជើញក្នុងពិធីកាន់វេនបិណ្ឌទី៧ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន ញាតិការទាំង ៧សន្តាន ព្រមទាំងវីរៈកងទ័ពពលី ដើម្បីបុព្វហេតុការពារទឹកដី ជាតិ មាតុភូមិ និងដួងវិញ្ញាណក្ខន្ធអ្នកមានគុណដែលបានចែកឋានទៅកាន់លោកខាងមុខ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។

សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត រ័ត្ន សារឿន សមាជិកថេរសភាព្រះពុទ្ធសាសនា ព្រះអនុគណខណ្ឌសែនសុខ និងជា ព្រះចៅអធិការវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត បានមានពុទ្ធដិកាថាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ប្រជាជនកម្ពុជា ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន តែងតែវិលត្រឡប់ទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងញាតិមិត្ត ដើម្បីធ្វើបុណ្យធ្វើទាន ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិការដែលបានចែកឋានទៅកាន់លោកខាងមុខ។

តាមទំនៀមទម្លាប់ខ្មែរ ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក៏ជាឱកាសដ៏មានតម្លៃសម្រាប់កូនចៅសម្តែងនូវការដឹងគុណ និងការចងចាំចំពោះឪពុកម្តាយ ជីដូនជីតា បុព្វការីជន និងសាច់ញាតិដែលបានបំពេញគុណូបការៈចំពោះគ្រួសារ និងសង្គម។ ការធ្វើបុណ្យឧទ្ទិសកុសល ជាការបង្ហាញពីស្មារតីគោរពដឹងគុណ និងការរក្សាចំណងទាក់ទងរវាងមនុស្សជំនាន់ក្រោយជាមួយបុព្វបុរស ដែលជាគុណតម្លៃដ៏សំខាន់មួយនៅក្នុងសង្គមខ្មែរ។
ជាមួយគ្នានេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការអប់រំសីលធម៌ និងគុណធម៌របស់ពុទ្ធសាសនិក តាមគោលការណ៍កម្មផល ដែលប្រជាជនខ្មែរតែងប្រកាន់ខ្ជាប់នូវទស្សនៈថា «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់»។ ការធ្វើទាន ការរក្សាសីល ការស្តាប់ធម៌ និងការប្រព្រឹត្តអំពើល្អ ជាការបណ្តុះស្មារតីឱ្យមនុស្សមានចិត្តសប្បុរស ចេះចែករំលែក ចេះអធ្យាស្រ័យ និងប្រកាន់ខ្ជាប់នូវគុណធម៌ក្នុងជីវិតប្រចាំថ្ងៃ។

ម្យ៉ាងទៀត ពិធីបុណ្យនេះក៏ជាពេលវេលាដែលផ្តល់ឱកាសដល់ក្រុមគ្រួសារ ញាតិមិត្ត និងសហគមន៍បានជួបជុំគ្នា ពង្រឹងចំណងសាមគ្គីភាព និងបង្កើនភាពស្និទ្ធស្នាលរវាងគ្នា។ កូនចៅ បងប្អូន ញាតិមិត្ត និងប្រជាពលរដ្ឋ បានរួមគ្នាចូលរួមក្នុងសកម្មភាពធ្វើបុណ្យ ដោយជួយគ្នារៀបចំចង្ហាន់ ទេយ្យទាន និងចូលរួមកម្មវិធីសាសនានានា ដែលជាផ្នែកមួយនៃការលើកកម្ពស់ស្មារតីសាមគ្គីភាព និងការចែករំលែកក្នុងសង្គម។

លើសពីនេះ ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក៏ជាផ្នែកមួយនៃការថែរក្សាអត្តសញ្ញាណ វប្បធម៌ និងបេតិកភណ្ឌអរូបីរបស់ជាតិខ្មែរ។ ការបន្តប្រារព្ធពិធីបុណ្យនេះពីមួយជំនាន់ទៅមួយជំនាន់ មិនត្រឹមតែបង្ហាញពីការគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបណ្តុះស្មារតីយុវជនជំនាន់ក្រោយឱ្យស្គាល់ ស្រឡាញ់ និងចូលរួមថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងមរតកវប្បធម៌ដ៏ល្អរបស់ជាតិ។
ជាពិសេស ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ បានបង្ហាញពីការរួមរស់យ៉ាងសុខដុមរមនារវាងសាសនា វប្បធម៌ និងជីវភាពសង្គមរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពាន គ្រុប ព្រមទាំង រួមជាមួយថ្នាក់ដឹកនាំ បងប្អូន បុត្រាបុត្រី និង សហការីក្រុមហ៊ុន ឆេមពាន គ្រុប បានធ្វើពិធីប្រគេនយាគូ រាប់បាត វេរភត្តាហារ ព្រមទាំងនិមន្តព្រះសង្ឃសូត្រធម៌ និងបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន ញាតិការទាំង៧សន្តាន វីរៈកងទ័ពពលីដើម្បីបុព្វហេតុការពារទឹកដី ជាតិ មាតុភូមិ និងដួងវិញ្ញាណក្ខន្ធអ្នកមានគុណដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឱ្យបានទទួលនូវអានិសង្សផលបុណ្យ និងសោយសុខក្នុងសុគតិភព។