ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនគ្រួសារទារកកើតកូនភ្លោះ នៅមន្ទីរពេទ្យបង្អែកខេត្ត
ខេត្តមណ្ឌលគិរី ៖ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាឧបត្ថម្ភ ទៅផ្តល់ជូនគ្រួសារមាតា និងទារកកើតកូនភ្លោះ ដែលកំពុងសម្រាកព្យាបាល និងថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។
ពិធីនេះដឹកនាំដោយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវ ជូនចំពោះក្រុមគ្រួសារ និងមាតាទារកទាំងអស់។ ឯកឧត្តម ក៏បានណែនាំដល់មាតា និងអាណាព្យាបាល ឱ្យយកចិត្តទុកដាក់លើការថែទាំសុខភាព ការហូបចុកមានអាហារូបត្ថម្ភ អនាម័យរស់នៅ និងត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញ ដើម្បីឱ្យទារកមានសុខភាពល្អ និងធំធាត់ដោយសុវត្ថិភាព។
អំណោយ និងថវិកាដែលត្រូវបានផ្តល់ជូនរួមមាន៖ គ្រួសារទារកកើតកូនភ្លោះ ៣នាក់៖ ទទួលបានថវិកា ២,៦០០,០០០ រៀល គ្រួសារទារកកើតកូនភ្លោះ ២នាក់៖ ទទួលបានថវិកា ១,១៥០,០០០ រៀល គ្រួសារទារកកើតកូន ១នាក់ (ចំនួន ២គ្រួសារ)៖ ទទួលបានថវិកា ៥៥០,០០០ រៀល (ក្នុងមួយគ្រួសារ) ។ បន្ថែមពីនេះ គ្រប់គ្រួសារទាំងអស់ ក៏ទទួលបានសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ទារក (ឃីតទារក) និងគ្រឿងឧបភោគបរិភោគ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដើម្បីជួយសម្រាលបន្ទុកជីវភាព និងការចំណាយផ្សេងៗ ក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ៕



