ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនកងកម្លាំងវរនគរបាលការពារព្រំដែនគោកលេខ ៦២១ និង៣០៣ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ខេត្តមណ្ឌលគិរី៖ ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។ ពិធីនេះ មានការអញ្ជើញចូលរួមពីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងកម្លាំងវរនគរបាលការពារព្រំដែនគោកលេខ ៦២១ និងលេខ ៣០៣ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពិធីនេះបានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានវរនគរបាលការពារព្រំដែនគោកលេខ ៦២១ ស្ថិតក្នុងភូមិឡេះ ឃុំដាក់ដាំ ស្រុកអូររាំង។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅ និងការគិតគូរជាប្រចាំពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនចំពោះកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលបានខិតខំពលីកម្លាំងកាយចិត្ត លះបង់ក្តីសុខផ្ទាល់ខ្លួន ឈរជើងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព សន្តិសុខ និងសុវត្ថិភាពតាមខ្សែបន្ទាត់ព្រំដែន ជូនជាតិមាតុភូមិដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហាន ការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកងកម្លាំងការពារព្រំដែន ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញភារកិច្ចការពារព្រំដែន ការពារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដោយឈរលើស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ។

ជាមួយគ្នានេះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត ក៏បានជូនពរដល់បងប្អូនកងកម្លាំងទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់វរនគរបាលការពារព្រំដែនគោកទាំងពីរ ដើម្បីចូលរួមសម្រាលជីវភាព និងអបអរសាទរក្នុងឱកាសបុណ្យប្រពៃណីជាតិកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផងដែរ។

ការចុះសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភនាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ការយកចិត្តទុកដាក់ខ្ពស់ និងជាការលើកទឹកចិត្តយ៉ាងធំធេងរបស់ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធជួរមុខ ដែលកំពុងបំពេញភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនយ៉ាងសកម្ម៕