លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី អនុញ្ញាតឱ្យតំណាងធនាគារពិភពលោក និងក្រុមការងារ អ.គ.ហ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារត្រៀមវាយតម្លៃ PEFA Gender នៅកម្ពុជា

នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យ លោកស្រី  Tania Myerអ្នកគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា និងលោក Oleksii Balabushko ប្រធានផ្នែកអនុវត្តការងារអភិបាលកិច្ចប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក (Governance Practice Manager, East Asia and Pacific) ព្រមទាំងសហការី នៃធនាគារពិភពលោក (World Bank) និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(អ.គ.ហ) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសម្រាប់ត្រៀមការរៀបចំលើការវាយតម្លៃការចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ឆ្លើយតបនឹង      យេនឌ័រ (PEFA Gender) នៅកម្ពុជា។

ក្នុងជំនួបនេះធ្វើឡើង ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងរួមអំពីដំណើរការ វិសាលភាព វិធីសាស្ត្រ និងកាលវិភាគនៃការវាយតម្លៃ ព្រមទាំងពិភាក្សាអំពីតួនាទី និងការចូលរួមរបស់ក្រសួងកិច្ចការនារី ក្នុងការគាំទ្រដល់ការវាយតម្លៃ PEFA Gender។ កិច្ចពិភាក្សាក៏បានផ្តោតលើការកំណត់ប្រភពព័ត៌មាន ឯកសារពាក់ព័ន្ធ អ្នកទទួលបន្ទុក និងយន្តការសម្របសម្រួលសម្រាប់ការប្រមូលទិន្នន័យ និងភស្តុតាងជាផ្លូវការនាពេលបន្ទាប់។

លោកស្រី Tania Myer អ្នកគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងកិច្ចការនារី ដែលអនុញ្ញាតឱ្យលោកស្រី និងក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងការត្រៀមរៀបចំសម្រាប់ការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុឆ្លើយតបនឹងយេនឌ័រ (PEFA Gender) នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។ការវាយតម្លៃនេះនឹងអនុវត្តដោយធនាគារពិភពលោក ដោយមានកិច្ចសហការយ៉ាងជិតស្និទរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធមួយចំនួន។

ឆ្លៀតក្នុងឱកាសនេះដែរ  លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានថ្លែងអំណរគុណចំពោះ ធនាគារពិភពលោក (World Bank) និង អ.គ.ហ ដែលបានសហការ និងគាំទ្រក្នុងការដឹកនាំរៀបចំធ្វើការវាយតម្លៃថ្នាក់ជាតិស្ដីពីការចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ (Public Expenditure and Financial Accountability – PEFA) ដែលភ្ជាប់ជាមួយការវាយតម្លៃបន្ថែមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្លើយតបនឹងយេនឌ័រ។