ឯកឧត្តម នេត្រ ភក្ត្រា ធ្វើបទបង្ហាញអំពីការត្រៀមការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ បានអញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានា អំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

បទបង្ហាញនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្នុងក្របខណ្ឌនៃការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ ដោយមានការចូលរួមពីគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានា។

ក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា បានចែករំលែកព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងការងារសារព័ត៌មាន និងផ្សព្វផ្សាយ ព្រមទាំងបង្ហាញអំពីប្រព័ន្ធ និងយន្តការចាំបាច់នានា ដែលកំពុងត្រូវបានរៀបចំ ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូលឱ្យបានទូលំទូលាយ មានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។

ការងារសារព័ត៌មាន និងផ្សព្វផ្សាយ ត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់ក្នុងការគាំទ្រដល់ភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូល ដោយផ្តោតលើការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងមានវិសាលភាពទូលំទូលាយ ស្របតាមលក្ខណៈ និងស្តង់ដារនៃព្រឹត្តិការណ៍អន្តរជាតិ។

សូមជម្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិក និងអ្នកសង្កេតការណ៍របស់អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ជួបប្រជុំ ពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងនយោបាយអន្តរជាតិ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ អប់រំ វប្បធម៌ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងបញ្ហាប្រឈមនានានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយរំពឹងថានឹងមានការចូលរួមពីប្រមាណ ៩០ ប្រទេស និងអ្នកសារព័ត៌មានអន្តរជាតិជាង ១ ០០០ នាក់។

ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញសមត្ថភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិ ព្រមទាំងផ្សព្វផ្សាយអំពីសក្តានុពល វប្បធម៌ និងសមិទ្ធផលរបស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ និងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា និងបណ្តាប្រទេសក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី៕