ស្ថាប័នរដ្ឋ និងដៃគូពាក់ព័ន្ធ គាំទ្រការគ្រប់គ្រងហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងចីរភាព សម្រាប់ប្រព័ន្ធគាំពារសុខភាពសង្គម

ស្ថាប័នរដ្ឋ និងដៃគូពាក់ព័ន្ធ បានបង្ហាញការគាំទ្រចំពោះការគ្រប់គ្រងហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងចីរភាព សម្រាប់ប្រព័ន្ធគាំពារសុខភាពសង្គម និងសុខាភិបាល ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងមានការផ្លាស់ប្តូរ។

ការគាំទ្រនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សានៃកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ។

ក្នុងវេទិកានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការរួមបញ្ចូលសេវាសុខាភិបាលសាធារណៈ និងប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈការនាំសេវាថែទាំសុខភាព ជាពិសេសសេវាសុខភាពបឋម ឱ្យកាន់តែជិតប្រជាពលរដ្ឋ ជាពិសេសក្រុមក្រីក្រ និងងាយរងគ្រោះ។ ការងារនេះ ផ្តោតលើការពង្រឹងគុណភាពសេវាសុខាភិបាល ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

ជាមួយគ្នានេះ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ពីកិច្ចខិតខំធានាចីរភាពហិរញ្ញវត្ថុ និងប្រសិទ្ធភាពចំណាយ សម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ ក្នុងនោះ ក៏មានការសិក្សាលទ្ធភាពដំឡើងអត្រាភាគទាន ដោយត្រូវពិនិត្យឱ្យបានស៊ីជម្រៅលើផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច។

និយ័តករសន្តិសុខសង្គម ក៏បានបង្ហាញពីវឌ្ឍនភាព និងយន្តការគ្រប់គ្រងមូលនិធិសន្តិសុខសង្គម ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ដើម្បីធានាចីរភាពក្នុងរយៈពេលវែង។

ដោយឡែក អង្គការសុខភាពពិភពលោក និងអង្គការអុកស្វាម បានផ្តល់អនុសាសន៍ឱ្យរក្សាតុល្យភាពរវាងហិរញ្ញប្បទានផ្នែកផ្គត់ផ្គង់ និងតម្រូវការ ព្រមទាំងពង្រីកការគ្របដណ្តប់ដល់ប្រជាពលរដ្ឋក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានការគាំទ្រពីរដ្ឋ។

បច្ចុប្បន្ន កម្ពុជា និងតំបន់ កំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងវិបត្តិជាច្រើន ដែលទាមទារឱ្យមានការរៀបចំប្រព័ន្ធគាំពារសង្គមឱ្យមានភាពធន់ រឹងមាំ និងចីរភាពហិរញ្ញវត្ថុ។ ប្រព័ន្ធគាំពារសុខភាពសង្គម មិនត្រឹមតែជាយន្តការការពារសុខុមាលភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសំខាន់ក្នុងការជំរុញផលិតភាពសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

វាគ្មិនជំនាញ បានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្ត្រ ដើម្បីធានាការគ្រប់គ្រង និងចាត់ចែងធនធានក្នុងប្រព័ន្ធគាំពារសុខភាពសង្គម និងសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងអាចកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ នៅពេលមានតម្រូវការថែទាំសុខភាព។

ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមប្រកបដោយចីរភាព និងការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ការបន្តពង្រឹងកិច្ចសហការអន្តរវិស័យ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងមូលនិធិ និងការបង្កើតយន្តការហិរញ្ញប្បទានចម្រុះ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិ និងការប្រែប្រួលសេដ្ឋកិច្ចនាពេលអនាគត៕