ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម អញ្ជើញដឹកនាំសហការីចូលរួមពិធីបុណ្យកាន់បិណ្ឌទី៦ នៅវត្តរាជបូណ៌ ខេត្តសៀមរាប
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ជំទាវ សួរ សុខគីម បានអញ្ជើញដឹកនាំសហការី ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៦ នៅវត្តរាជបូណ៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម បានដឹកនាំសហការី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យទាន រួមជាមួយបរិក្ខារ ព្រមទាំងបច្ច័យ មួយចំនួនធំ ដែលជាសទ្ធាជ្រះថ្លា ដើម្បីវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះចៅអធិការវត្តរាជបូណ៍ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះ បុព្វការីជន ញាតកាទាំង៧សណ្ដាន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ ព្រមទាំងប្រជាជន។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរព និងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណ វប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយទៅជំនាន់មួយ៕



