ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំពិធីអបអរសាទរ ខួបលើកទី២៨ នៃទិវាមនុស្សវ័យចាស់កម្ពុជា និងទិវាមនុស្សវ័យចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ក្មេងមានកម្លាំងនិងស្គាល់ផ្លូវ វ័យចាស់មានបទពិសោធន៍”
ការផ្តល់ឱកាសឱ្យមនុស្សចាស់ បានជួបជុំផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ជៀសវាងការអផ្សុក ឬមានអារម្មណ៍ថាត្រូវគេបោះបង់ ជាពិសេស ការជំរុញការអនុវត្តគោលនយោបាយជាតិ ធានាថាប្រជាជនវ័យចំណាស់កម្ពុជា ទទួលបានសន្តិសុខប្រាក់ចំណូល និងការថែទាំសុខភាពកាន់តែល្អប្រសើរ គឺជាយន្តការគាំទ្រ ធ្វើយ៉ាងណា ធានាឱ្យមនុស្សចាស់នៅកម្ពុជា រស់នៅដោយមានសេចក្តីថ្លៃថ្នូរ សុខភាពល្អ និងមានសន្តិសុខផ្លូវចិត្ត-កាយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងឱកាសអបអរសាទរ ខួបលើកទី២៨ នៃទិវាមនុស្សវ័យចាស់កម្ពុជា និងទិវាមនុស្សវ័យចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ក្មេងមានកម្លាំងនិងស្គាល់ផ្លូវ វ័យចាស់មានបទពិសោធន៍»។
ឯកឧត្តម ជា សុមេធី ឲ្យដឹងទៀតថា ការរៀបចំពិធីនេះឡើង ក្នុងគោលបំណង លើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់មនុស្សវ័យចាស់ ព្រមទាំងទទួលស្គាល់នូវគុណបំណាច់ ចំពោះចំណេះដឹង បទពិសោធ និងការលះបង់របស់ពួកគាត់ ក្នុងការកសាងគ្រួសារ សហគមន៍ ដែលជាទុនយ៉ាងសំខាន់សម្រាប់អភិវឌ្ឍសង្គម។
ឯកឧត្តម រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា យើងទាំងអស់គ្នាគួរតែផ្លាស់ប្តូរឥរិយាបថ និងទស្សនៈ ពីការមើលឃើញមនុស្សវ័យចាស់ជា «បន្ទុក» មកជា «ប្រភពធនធានសេដ្ឋកិច្ច និងសង្គម» វិញ ដើម្បីបន្តបង្កើត និងពង្រឹងការគ្រប់គ្រងសមាគមមនុស្សវ័យចាស់នៅតាមសហគមន៍ និងចូលរួមលើកទឹកចិត្តមនុស្សវ័យចាស់ ជាពិសេស គាំទ្រឱ្យពួកគាត់បន្តចូលរួមការងារតាមលទ្ធភាព និងការងារសង្គម។ តាមរយះ «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» គិតត្រឹមខែសីហា ឆ្នាំ២០២៦ មានមនុស្សវ័យចាស់ (អាយុ៦០ឆ្នាំឡើង) ចំនួន៤៣៤,៥១៦នាក់ ទទួលបានប្រាក់ឧបត្ថម្ភ និងការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យរដ្ឋ។ ចំពោះនិវត្តជន ជាមន្ត្រីរាជការស៊ីវិល ទទួលបានរបបសន្តិសុខសង្គមកម្រិតទាបបំផុត ៤៤៥,០០០ រៀល/ខែ។ នេះគិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ និវត្តជនជាមន្ត្រីរាជការស៊ីវិលប្រមាណ ៥៣,៣៥៩ នាក់ (ចំណាយប្រមាណ ១៣,៤៣លានដុល្លារ/ខែ) និងនិវត្តជនជាអតីតយុទ្ធជនប្រមាណ ១១៧,៤៥៨ នាក់ (ចំណាយប្រមាណ ២២,២៧លានដុល្លារ/ខែ) ទទួលបានរបបសេនាធននិវត្ត។ ដោយឡែក សមាគមមនុស្សវ័យចាស់ នៅតាមឃុំ-សង្កាត់ មានចំនួន ១,៦៤៦ (មានសមាជិកសរុប ៣១៦,០០៩ នាក់) ដើម្បីជួយសម្រួលទុក្ខធុរៈ ការថែទាំសុខភាព និងការជួយគ្នានៅក្នុងសហគមន៍។ ចំពោះ វិធានការ និងទិសដៅសំខាន់ៗ ក្នុងការលើកកម្ពស់វិស័យមនុស្សចាស់ គឺការអនុវត្តគោលនយោបាយជាតិ ពង្រឹងការអនុវត្ត គោលនយោបាយជាតិ ស្តីពី មនុស្សចាស់ ២០១៧-២០៣០ ឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ នៅតាមថ្នាក់ក្រោមជាតិ។
ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងសំណូមពរ ឲ្យក្រសួងពាក់ព័ន្ទ រួមជាមួយមន្ទីរទាំងអស់ ធ្វើយ៉ាងរៀបចំទិវានេះឲ្យបានទៀងទាត់ ដើម្បីបន្តរៀបចំទិវាមនុស្សវ័យចាស់នៅថ្ងៃទី១ តុលា ជារៀងរាល់ឆ្នាំ ទាំងថ្នាក់ជាតិ និងក្រោមជាតិ។
-ពង្រឹងលិខិតបទដ្ឋានគតិយុត្ត៖ ជំរុញការសិក្សាស្រាវជ្រាវដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពមនុស្សវ័យចាស់។
-ពង្រីកសមាគមមនុស្សវ័យចាស់៖ បន្តបង្កើត និងពង្រឹងការគ្រប់គ្រងសមាគមមនុស្សវ័យចាស់នៅតាមសហគមន៍។
-លើកទឹកចិត្តមនុស្សវ័យចាស់សកម្ម៖ គាំទ្រឱ្យពួកគាត់បន្តចូលរួមការងារតាមលទ្ធភាព និងការងារសង្គម។
-សហការជាមួយអង្គការ/វិស័យឯកជន៖ លើកទឹកចិត្តដៃគូអភិវឌ្ឍន៍ឱ្យបង្កើតមជ្ឈមណ្ឌលថែទាំ និងផ្តល់សេវាថែទាំមនុស្សវ័យចាស់ប្រកបដោយជំនាញ។
-ផ្តល់ឱកាសចូលរួម៖ បើកឱកាសឱ្យមនុស្សវ័យចាស់ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ និងសាសនាដោយស្មើភាព និងសេចក្តីថ្លៃថ្នូរ។
-ការថែរក្សាសុខភាព៖ សំណូមពរឱ្យមនុស្សវ័យចាស់យកចិត្តទុកដាក់ថែទាំសុខភាពតាមរយៈការធ្វើលំហាត់ប្រាណ ការពិនិត្យសុខភាព និងការហូបចុកឱ្យបានត្រឹមត្រូវ។





