ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកំសាន្ត ខណ្ឌច្បារអំពៅ

នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកំសាន្ត ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងពិធីបុណ្យដ៏ប្រពៃនេះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានរួមគ្នាប្រតិបត្តិព្រះធម៌ សូត្រមន្តនមស្ការ ចម្រើនព្រះបរិត្ត រាប់បាត្រ និងប្រគេនភត្តាហារចំពោះព្រះសង្ឃ ព្រមទាំងធ្វើពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សណ្ដាន និងវីរយុទ្ធជន បុព្វបុរសស្នេហាជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងបូរណភាពទឹកដី។

នាឱកាសនោះដែរ ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកនូវទេយ្យទាន និងបច្ច័យប្រគេនវត្ត និងព្រះសង្ឃ រួមមាន៖
១–បច្ច័យកសាងវត្ត៖ ២០,០០០,០០០ រៀល
២–បច្ច័យចង្ហាន់៖ ២,០០០,០០០ រៀល
៣–បច្ច័យប្រគេនព្រះចៅអធិការវត្ត៖ ១០,០០០០ រៀល
៤–បច្ច័យប្រគេនព្រះសង្ឃ (៣៨អង្គ)៖ ២០,០០០ រៀល ក្នុងមួយអង្គ
៥–គ្រឿងឧបភោគបរិភោគ និងទេយ្យវត្ថុ៖ សាដក ៣៨ឈុត អង្ករ ១០០គីឡូក្រាម ស្ករស ១០០គីឡូក្រាម មី ២កេសតូច ត្រីខ ២កេសធំ ទឹកដោះគោខាប់ ២កេស ភេសជ្ជៈ ១០កេស ទឹកបរិសុទ្ធ ៦០កេស ផ្លែឈើ ២កន្ត្រក និងចាហួយ ១០ថាស។

ជាមួយគ្នានេះ ឯកឧត្តម និងលោកជំទាវ ក៏បានជូនថវិកាលើកទឹកចិត្តដល់លោកតាជី លោកយាយជី ក្នុងម្នាក់ៗចំនួន ២០,០០០ រៀល ផងដែរ។

គួរជម្រាបដែរថា ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ តែងតែអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី៥ និងភ្ជុំបិណ្ឌនៅវត្តកំសាន្ត ជាប្រចាំ ជារៀងរាល់ឆ្នាំ៕