កម្មករសប្បាយចិត្តនិងអរគុណរដ្ឋាភិបាលចំពោះការបន្តដំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០២៧ បើទោះបីជាពិភពលោកកំពុងមានវិបត្តិ
(ភ្នំពេញ)៖ កម្មករនិយោជិតនៅកម្ពុជាបានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបន្តយកចិត្តទុកដាក់លើជីវភាពរបស់ពួកគាត់ តាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧បន្ថែមទៀត ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមជាច្រើនក៏ដោយ។
លោក សុខ ផានិត ធ្វើការងារនៅក្នុងរោងចក្រមួយនៅរាជធានីភ្នំពេញ បានចាត់ទុក ការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់រាល់ឆ្នាំថា ជាការជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ កាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងផ្តល់ភាពកក់ក្តៅដល់កម្មករនិយោជិត ដែលកំពុងបំពេញការងារ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។
លោកបាននិយាយថា៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំង ព្រោះរាជរដ្ឋាភិបាលយើងខំរិះរកគ្រប់[វិធី]ទាំងអស់ដើម្បីឱ្យបានឡើងប្រាក់ខែកម្មករទាំងអស់គ្នា ទាំងដែលដឹងថាទូទាំងសាកលយើងកំពុងតែមានសង្គ្រាម។ ការដំឡើងប្រាក់ឈ្នួលបន្ថែមបានជួយសម្រាលបន្ទុកគ្រួសារ មិនមែនតែខ្ញុំទេបងប្អូនទូទាំងប្រទេសទាំងអស់ដែលជាកម្មករកម្មការិនីបម្រើការងារក្នុងប្រទេស»។
អ្នកស្រី សុខា លីនដា កម្មការិនីម្នាក់ទៀតដែលកំពុងបំពេញការងារនៅ ក្នុងរោងចក្រមួយនៅ រាជធានីភ្នំពេញបានលើកឡើងថា ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈម នឹងភាព មិនប្រាកដប្រជា ការបន្តពិភាក្សាដើម្បីដំឡើងប្រាក់ឈ្នួល គឺជាសញ្ញាបង្ហាញ ពីការយកចិត្ត ទុកដាក់ចំពោះជីវភាពកម្មករ ព្រមទាំងក្រុមគ្រួសារ។
អ្នកស្រីបញ្ជាក់ថា៖«នាងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ទោះបីជាពិភពលោកកំពុងជួបវិបត្តិ ហើយប្រទេសខ្មែរយើងឥឡូវក៏កំពុងមានបញ្ហាព្រំដែនជាមួយថៃ មិនទាន់ចប់មិនទាន់ហើយ ប៉ុន្តែរដ្ឋាភិបាលនៅតែគិតគូរបានដំឡើងប្រាក់ខែរាល់ឆ្នាំ ដែលឆែកមើលទៅប្រទេសផ្សេងៗអត់មានឡើងទេ ឡើងតែប្រទេសខ្មែរយើង»។
បើតាមការលើកឡើងរបស់បងប្អូនកម្មករនិយោជិតខាងលើ ប្រាក់ឈ្នួលដែលមានការកើនឡើងជាបន្តបន្ទាប់ មិនត្រឹមតែជួយដល់ការចំណាយ លើម្ហូបអាហារ ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយឱ្យគ្រួសារមានលទ្ធភាពកាន់តែប្រសើរឡើងក្នុងការចំណាយលើការសិក្សារបស់កូនៗ និងការថែទាំសុខុមាលភាពគ្រួសារ។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥ ប្រាក់ឈ្នួលអប្បបរមាមានចំនួន ២០៨ដុល្លារ ហើយកើនដល់ ២១០ដុល្លារ ក្នុងឆ្នាំ២០២៦។ សម្រាប់ឆ្នាំ២០២៧ ប្រាក់ឈ្នួលគោលនឹងកើនបន្ថែម ៤,៥ដុល្លារ រួមមាន ២ដុល្លារជាប្រាក់ឈ្នួលអប្បបរមា និង ២,៥ដុល្លារជាប្រាក់ឧបត្ថម្ភធ្វើដំណើរ និងស្នាក់នៅ។ បូករួមអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតនឹងទទួលបានសរុបប្រមាណ ២៣១,៥ ដល់ ២៤២,៥ដុល្លារ ក្នុងមួយខែ។
ជាការពិត បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិត ទោះតិចក្តីច្រើនក្តី សំដៅជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត៕



