បាតុភូតអាកាសធាតុ El Niño ធ្វើឱ្យទឹកទន្លេ១ក្នុងប្រទេសអេក្វាឌ័រជន់ទឹកឡើងហៀរច្រាំង បង្កជាទឹកជំនន់បានសម្លាប់មនុស្ស៥នាក់ និងមានហេតុការណ៍ស្រដៀងគ្នានេះ១៦៨ករណី
សពមនុស្ស ៥ នាក់ដែលត្រូវទឹកជំនន់ហូរនាំយកទៅបាត់ក្នុងអំឡុងពេលមានទឹកជំនន់ភ្លាមៗ ឬ (flash flood) នៅជិតភូមិ La Troncal ភាគខាងត្បូងនៃប្រទេសអេក្វាឌ័រ ត្រូវបានរកគេឃើញវិញកាលពីថ្ងៃពុធនេះ។ ស្ថានភាពទឹកជំនន់ទន្លេដែលជន់ឡើងភ្លាមៗនេះ បានហូរនាំយករថយន្តដឹកទំនិញខ្នាតតូចមួយគ្រឿង ដែលដឹកកម្មករចំនួន១២នាក់ទៅជាមួយកាលពីថ្ងៃអង្គារ។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលមានភ្លៀងធ្លាក់ខ្លាំងដោយសារបាតុភូត El Niño ដែលបានជំរុញឱ្យរដ្ឋាភិបាលប្រកាសអាសន្នខ្ពស់បំផុត ឬ (red alert) ទូទាំងប្រទេសកាលពីមួយខែមុន។ លោក Johnny Peñafiel ជាប្រធានផ្នែកបង្ការនៃនាយកដ្ឋានពន្លត់អគ្គិភ័យ La Troncal ក្នុងខេត្ត Cañar ដែលជាទីកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានថា៖ ប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់នៅរសៀលថ្ងៃពុធ បន្ទាប់ពីរកឃើញសពជាជនរងគ្រោះ៤នាក់។ ជនរងគ្រោះម្នាក់ត្រូវបានគេរកឃើញកាលពីយប់នោះដែរ។ លោក Peñafiel បានបន្ថែមថា ជនរងគ្រោះមានអាយុចន្លោះពី ២៦ ទៅ ៥៣ ឆ្នាំ។ ចំណែកលោក Óscar López ដែលជាអ្នករស់រានមានជីវិតម្នាក់ បានប្រាប់វិទ្យុ “La Troncal” ថា កម្មករមកពីក្រុមហ៊ុនផ្គត់ផ្គង់ទឹករបស់ក្រុង ពេលនោះបានធ្វើដំណើរទៅកាន់ទីប្រជុំជន Cerro Azul នៅត្រើយម្ខាងទៀតនៃទន្លេ Bulubulu នៅពេលដែលយានយន្តនោះ «បានរលត់ម៉ាស៊ីននៅកណ្តាលផ្លូវ»។ ទោះបីជាពួកគេព្យាយាមយកយានយន្តចេញពីតំបន់នោះក៏ដោយ ក៏លោក López ដែលបានស្ថិតនៅក្នុងហេតុការណ៍នោះ នៅតែបន្តជួយស្វែងរកមិត្តរួមការងាររបស់លោកដដែលនិងបាននិយាយថា៖ យើងគ្មានពេលធ្វើអ្វីទាំងអស់ នៅពេលដែលយើងងាកមើលទៅក្រោយ គឺទឹកជំនន់បានហូរមកដល់ពួកយើងរួចទៅហើយ។ គាត់ និងមនុស្ស ៦ នាក់ផ្សេងទៀតបានរួចផុតពីគ្រោះថ្នាក់។ យោងតាមតួលេខចុងក្រោយពីលេខាធិការដ្ឋានជាតិសម្រាប់ការគ្រប់គ្រងហានិភ័យ (National Secretariat for Risk Management) ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣០ខែកញ្ញា មានហេតុការណ៍ស្រដៀងគ្នានេះចំនួន១៦៨ ករណី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ហើយរហូតមកដល់ពេលនេះវាបានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៣៥នាក់ហើយ ក្នុងប្រទេសអេក្វាឌ័រ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



