ឯកឧត្តម ឈិន កេតនា ÷ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមរៀបចំពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៤ឆ្នាំ
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីកំណត់ផែនការសកម្មភាព និងការបែងចែកភារកិច្ចជូនដល់គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការត្រៀមលក្ខណៈរៀបចំពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៤ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
កិច្ចប្រជុំត្រៀមលក្ខណៈដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នាសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
នៅក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់តំណាងគ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងបានជម្រាបជូនអំពីខ្លឹមសារសំខាន់ៗនៃផែនការណែនាំ និងកិច្ចការចាំបាច់នានា ដែលត្រូវរៀបចំឱ្យបានល្អបំផុត។
យោងតាមលទ្ធផលនៃកិច្ចប្រជុំ ពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៤ឆ្នាំ នឹងត្រូវរៀបចំឡើងនៅ មណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យបំផុត អង្គប្រជុំបានបែងចែកភារកិច្ចយ៉ាងច្បាស់លាស់ជូនដល់ស្ថាប័នពាក់ព័ន្ធ ដោយតម្រូវអោយគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ដោយមានការតុបតែងលម្អ បំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោកឱ្យបានប្រសើរថ្លៃថ្លាបំផុតនៅតាមអង្គភាពរៀងៗខ្លួន។
ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ មានប្រសាសន៍បន្ថែមថា ដោយឡែកសម្រាប់រដ្ឋបាលរាជធានីភ្នំពេញមានភារកិច្ចណែនាំ និងបំផុសប្រជារាស្ត្រឱ្យលើកទង់ជាតិនៅគ្រប់គេហដ្ឋាន ព្រមទាំងរៀបចំតុបតែងលម្អតាមទីសាធារណៈ មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ វត្តអារាម សាលារៀន ក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ ចរាចរណ៍ ធានាសុវត្ថិភាពទូទៅទាំងមុន ក្នុង និងក្រោយពេលប្រារព្ធពិធី។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រធានអង្គប្រជុំ បានស្នើឱ្យតំណាងក្រសួង និងស្ថាប័នទាំងអស់ នាំយកខ្លឹមសារណែនាំដ៏ខ្ពង់ខ្ពស់នេះ ទៅរាយការណ៍ជូនថ្នាក់ដឹកនាំរៀងៗខ្លួនបានជ្រាប និងសហការអនុវត្តកិច្ចការទាំងនេះឱ្យទទួលបានលទ្ធផលល្អប្រសើរបំផុត។
ការរៀបចំពិធីនេះ គឺធ្វើឡើងដើម្បីសម្តែងនូវកតញ្ញូកតវេទិតាធម៌ និងការចងចាំយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាទិគុណដ៏ធំធេង ដែលមិនអាចកាត់ថ្លៃនិងគ្មានអ្វីប្រៀបផ្ទឹមបាន របស់ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មាយុ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជារាស្ត្រខ្មែរកាលពីព្រះអង្គនៅមានព្រះជន្ម ។



