ខេត្តព្រះសីហនុ៖ បរិយាកាសការងារដែលប្រកបដោយភាពរីករាយ និងទទួលបានលទ្ធផលការងារខ្ពស់ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាត្រូវបានកសាងឡើងចេញពីឥរិយាបថវិជ្ជមាន និងទំនាក់ទំនងល្អរវាងសហការីគ្រប់រូប។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងនៅកន្លែងធ្វើការ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលបានរៀបចំឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ណែនាំថា យើងត្រូវធ្វើយ៉ាងណាឱ្យកន្លែងធ្វើការមានភាពរលូន និងមានបរិយាកាសការងារល្អ នៅពេលមានវិវាទកើតឡើង ត្រូវរួសរាន់ដោះស្រាយឱ្យបានលឿន ត្រឹមត្រូវតាមច្បាប់ តាមនីតិវិធី និងជាដំណោះស្រាយដែលគូភាគីអាចទទួលយកបាន។
ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរថា វិវាទនៅតាមរោងចក្រសហគ្រាសមួយចំនួន កើតឡើងភាគច្រើនដោយសារការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងការបញ្ចេញឥរិយាបថមិនត្រឹមត្រូវ ដែលនាំឱ្យប៉ះពាល់អារម្មណ៍របស់បុគ្គលិក កម្មករ និយោជិត។
ដូច្នេះស្នើអ្នកគ្រប់គ្រងរោងចក្រ សហគ្រាស អ្នកគ្រប់គ្រងរដ្ឋបាល បុគ្គលិក អ្នកបកប្រែ ។ល។ត្រូវរៀបចំឥរិយាបថ ពាក្យសំដី កាយវិការ និងទំនាក់ទំនងការងារជាមួយបុគ្គលិក កម្មករ និយោជិត អោយបានសមរម្យដើម្បីចៀសវាងវិវាទនៅកន្លែងការងារ សំដៅកសាងសុខដុមរមនានៅកន្លែងធ្វើការនិងសហគមន៍។
នៅក្នុងឱកាសនោះដែរ លោក សាមុត សុធារិទ្ធិ អភិបាលខេត្តព្រះសីហនុស្តីទី មានប្រសាសន៍ថា ការកសាងបរិយាកាសការងារប្រកបដោយសុខដុមនីយកម្ម នឹងជួយសម្រួលដល់កិច្ចប្រតិបត្តិការងារប្រចាំថ្ងៃ និងពង្រឹងប្រសិទ្ធភាពសហប្រតិបត្តិការនៅកន្លែងការងារឱ្យកាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើន។
ការកសាងសុខដុមនីយកម្មនៅកន្លែងការងារ មិនមែនជារឿងស្មុគស្មាញនោះទេ ប៉ុន្តែវាចាប់ផ្តើមចេញពីឥរិយាបថ និងការប្រាស្រ័យទាក់ទងល្អៗរបស់យើងរៀងរាល់ថ្ងៃ។ ការបង្កើតសុខដុមនីយកម្មនៅកន្លែងធ្វើការ គឺជាការទទួលខុសត្រូវរួមគ្នាដែលតម្រូវឱ្យបុគ្គលម្នាក់ៗអនុវត្តនូវចំណុចសំខាន់ៗ ដូចជា ការរក្សាឥរិយាបថវិជ្ជមាន និងការទទួលខុសត្រូវ ដោយមានចិត្តទូលាយ ញញឹមរាក់ទាក់ និងប្រឈមមុខនឹងបញ្ហាដោយភាពស្ងប់ស្ងាត់ដើម្បីកាត់បន្ថយភាពតានតឹង។ លើសពីនេះ ត្រូវមានការប្រាស្រ័យទាក់ទងដោយការគោរព និងស្មោះត្រង់ ការប្រើប្រាស់ពាក្យពេចន៍សមរម្យ ផ្តល់ព័ត៌មានច្បាស់លាស់ និងបើកទូលាយ ដើម្បីកាត់បន្ថយការយល់ច្រឡំ និងបង្កើតទំនុកចិត្តរវាងគ្នានិងគ្នា។ បន្ថែមលើនេះ ការបង្កើនការស្តាប់ដោយយកចិត្តទុកដាក់ ការយល់ចិត្ត ការដោះស្រាយជម្លោះឬវិវាទដោយផ្អែកលើហេតុផល ផ្តោតលើការដោះស្រាយបញ្ហាជាជាងការវាយប្រហារលើបុគ្គល ព្រមទាំងការផ្តល់កិត្តិយស និងលើកទឹកចិត្តគ្នាទៅវិញទៅមក នឹងផ្លាស់ប្តូរក្រុមការងារឱ្យមានស្មារតីសាមគ្គីភាពខ្ពស់។ នៅពេលបុគ្គលម្នាក់ៗក្លាយជាប្រភពនៃថាមពលវិជ្ជមាន បរិយាកាសការងារទាំងមូលនឹងក្លាយជាកន្លែងដែលប្រកបដោយសុភមង្គល និងនាំមកនូវជោគជ័យប្រកបដោយចីរភាព៕



