រដ្ឋមន្រ្តីសុខាភិបាល៖ «ការអនុវត្តតាមនីតិវិធីស្តង់ដា ការយកចិត្តទុកដាក់លើប្រវត្តិអ្នកជំងឺ និងការបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិក គឺជាគ្រឹះធានាគុណភាពសេវាថែទាំសុខភាព។»
រាជធានីភ្នំពេញ៖ នាទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៣០ខែកញ្ញា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំបច្ចេកទេស ដើម្បីពង្រឹងគុណភាពនៃការបម្រើសេវាថែទាំសុខភាព និងពង្រឹងដំណើរការប្រព័ន្ធ មូលនិធិសង្គម និងបេឡាជាតិសន្តិសុខសង្គម (NSSF & EF)ឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងដាក់ចេញនូវវិធានការ ដើម្បីរៀបចំ និងពង្រឹងការងារសំខាន់ៗរួមមាន៖
– ការពិនិត្យ និងតាមដានការងារវេជ្ជសាស្ត្រ៖ ការត្រួតពិនិត្យឡើងវិញលើកំណត់ត្រាវេជ្ជសាស្ត្រ (Medical Record) និងប្រវត្តិអ្នកជំងឺ (Patient History) ឱ្យបានច្បាស់លាស់ ដើម្បីធានាគុណភាព និងជៀសវាងកំហុសឆ្គង។
– ការគ្រប់គ្រងជំងឺប្រចាំកាយស្មុគស្មាញ៖ យកចិត្តទុកដាក់ជាពិសេសលើអ្នកជំងឺដែលមានជំងឺលើសឈាមរួមផ្សំជាមួយជំងឺទឹកនោមផ្អែម (Hypertension with Diabetes) និងជំងឺទឹកនោមផ្អែមរួមផ្សំជាមួយជំងឺឈឺក្បាលប្រកាំង (Diabetes with Migraine)។
– ការអនុវត្តពិធីសារវេជ្ជសាស្ត្រ៖ ការផ្ទៀងផ្ទាត់ទ្វេដង (Double check) លើពិធីសារវេជ្ជសាស្ត្រ (Medical Protocol) និងគោលការណ៍ណែនាំ (Guideline) ឱ្យបានខ្ជាប់ខ្ជួន។
– ការប្រើប្រាស់បច្ចេកវិទ្យា៖ ពង្រឹងការប្រើប្រាស់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច (EMR) និងប្រព័ន្ធរបស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណោយ (NPCA) ដើម្បីធានាប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងទិន្នន័យ និងសម្របសម្រួលសេវាព្យាបាល។
– រៀបចំក្រុមការងារពិសេស៖ ដើម្បីត្រួតពិនិត្យបច្ចេកទេសខ្លួនឯង និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសម្រាប់ការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
– ធ្វើការបណ្តុះបណ្តាលមន្រ្តីសុខាភិបាលគ្រប់កម្រិតឱ្យបានយល់ច្បាស់អំពីការកត់ត្រា ការបញ្ចូលទិន្នន័យ និងការបញ្ជូនព័ត៌មានឱ្យបានទាន់ពេលវេលាប្រកបដោយ តម្លាភាព សុចិតភាព និងភាពត្រឹមត្រូវស្របតាមបច្ចេកទេសវេជ្ជសាស្រ្ត។
– ការអនុវត្តការងារតាមនីតិវិធីស្តង់ដា ការយកចិត្តទុកដាក់លើប្រវត្តិអ្នកជំងឺ និងការបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិក គឺជាកត្តាគ្រឹះធានាដល់គុណភាពសេវាថែទាំសុខភាព និងកិច្ចដំណើរការរលូននៃប្រព័ន្ធ។



