ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តព្រះសីហនុបង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងស្នើសុំការគាំទ្របន្ថែមពង្រឹងការជួយសង្គ្រោះនិងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាព
ខេត្តព្រះសីហនុ៖ ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តព្រះសីហនុ បានគូសបញ្ជាក់ពីបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដែលកំពុងរាំងស្ទះដល់ប្រសិទ្ធភាពនៃការអនុវត្តការងារ និងការផ្តល់សេវាជួយសង្គ្រោះដល់ជនរងគ្រោះក្នុងមូលដ្ឋាន។
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ «កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសបន្ត ឆ្នាំ២០២៦» របស់ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តព្រះសីហនុ ត្រូវបានរៀបចំធ្វើឡើង ដឹកនាំដោយ លោកស្រី ម៉ាក សំណាង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារ GBV ខេត្ត ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្តល់សេវាជាពហុវិស័យឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រី ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ។
នាឱកាសនោះ លោកស្រី ម៉ាក់ សំណាងអភិបាលរងខេត្ត និងជាប្រធានក្រុមការងារ GBVខេត្ត ក៏បានលើកឡើងអំពីការផ្សព្វផ្សាយផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីឆ្នាំ ២0២៥-២០៣០ ជូនដល់ក្រុមការងារអោយបានជ្រួតជ្រាបកាន់តែច្បាស់ផងដែរ។
តាមការគូសបញ្ជាក់ពីក្រុមការងារ ផលវិបាក និងបញ្ហាប្រឈមចម្បងៗរួមមាន៖
-ការចូលរួមរបស់ប្រជាពលរដ្ឋនៅមានកម្រិត៖ ការអញ្ជើញប្រជាពលរដ្ឋមកចូលរួមវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយផ្សេងៗជួបការលំបាក ដោយសារប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួនរវល់ប្រកបមុខរបរ និងធ្វើការងារប្រចាំថ្ងៃដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
-ការសហការផ្នែកផ្លូវចិត្តនៅមានកម្រិត៖ ជនរងគ្រោះដោយសារអំពើហិង្សា ព្រមទាំងក្រុមគ្រួសារមួយចំនួន មិនទាន់បើកចិត្តសហការពេញលេញក្នុងការទទួលយកសេវាប្រឹក្សាប្រឹក្សាផ្លូវចិត្ត និងគាំទ្រផ្នែកស្មារតីពីអ្នកជំនាញនោះទេ។
-ការឧបត្ថម្ភគាំទ្រមិនទាន់គ្របដណ្តប់៖ ការផ្តល់ជំនួយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត និងគ្រួសាររងគ្រោះ នាពេលកន្លងមក នៅមិនទាន់ឆ្លើយតបបានគ្រប់គ្រាន់ទៅតាមតម្រូវការជាក់ស្តែងនៅឡើយ។
ផ្អែកលើបញ្ហាប្រឈមទាំងនេះ ក្រុមការងារឆ្លើយតបពហុវិស័យខេត្តព្រះសីហនុ កំពុងខិតខំស្វែងរកកិច្ចអន្តរាគមន៍ បង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងស្នើសុំការគាំទ្របន្ថែម ដើម្បីពង្រីកវិសាលភាពនៃការជួយសង្គ្រោះ ព្រមទាំងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ។



