លោកអភិបាលស្រុកព្រៃនប់ នាំយកទេយ្យទានវត្ថុប្រគេនព្រះសង្ឃវត្តទួលកែវ និងចែកអំណោយសប្បុរសធម៌ជូនពលរដ្ឋមកពីឃុំចំនួន៣

លោក អ៉ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ ព្រមទាំងក្រុមការងារ បានអញ្ជើញកាន់បិណ្ឌវេនទី៤ និងនាំយកទេយ្យទានវត្ថុទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទួលកែវ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ លោកអភិបាលស្រុកក៏បានបន្តនាំយកអំណោយសប្បុរសធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៥០ គ្រួសារ មកពីឃុំចំនួន៣ គឺឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ដោយក្នុងមួយឃុំទទួលបាន ៥០ គ្រួសារ។

អំណោយសប្បុរសធម៌ដែលបានចែកជូនដល់គ្រួសារនីមួយៗនាពេលនេះ រួមមាន អង្ករ ១០ គីឡូក្រាម មី ១កេះ ប្រេងឆា ១ដប ទឹកស៊ីអ៊ីវ ១ដប ស្ករស ១កញ្ចប់ ប៊ីចេង ១កញ្ចប់ និងថវិកា មួយចំនួន។ 

លោក អ៉ី ធារិន បានអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរ ក្នុងអំឡុងរដូវកាលបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត និងជួបជុំគ្រួសារយ៉ាងច្រើនកុះករ លោកអភិបាលស្រុកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរជិតឆ្ងាយ ចូលរួមគោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់អាធ្យាស្រ័យ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យជួបតែសេចក្តីសុខ សុវត្ថិភាព តាមដងផ្លូវ និងទទួលបានសិរីសួស្តី ជ័យមង្គល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះគ្រប់ៗគ្រួសារ៕

អត្ថបទ: កញ្ញា មឿន ស្រីមុំ 

រូបភាព : លោក វុន សុខជា