នាយកដ្ឋានព័ត៌មានទូរទស្សន៍ភាសាជាតិ ពិនិត្យ និងកែសម្រួលការពិពណ៌នាមុខតំណែងគ្រប់គ្រង និងជំនាញវិជា្ជជីវៈ

នាយកដ្ឋានព័ត៌មានទូរទស្សន៍ភាសាជាតិនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានរៀបចំ កិច្ចប្រជុំពិភាក្សាពិនិត្យឡើងវិញ លើការពិពណ៌នាមុខតំណែងគ្រប់គ្រង និងជំនាញវិជា្ជជីវៈ ក្រោមអធិបតីភាពឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ ក្នុងការរៀបចំ និងពិនិត្យការពិពណ៌នាមុខតំណែងគ្រប់គ្រង និងជំនាញវិជ្ជាជីវៈ។
លោក ជុំ វ៉ុន ប្រធាននាយកដ្ឋានព័ត៌មានទូរទស្សន៍ភាសាជាតិ បានមានប្រសាសន៍ជម្រាប ជូនអំពីរបាយការណ៍សង្ខេបស្តីពីការរៀបចំការពិពណ៌នាមុខតំណែងគ្រប់គ្រង និងជំនាញវិជ្ជាជីវៈរបស់នាយកដ្ឋានព័ត៌មាន ជូនអង្គប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលបន្ថែមទៀតទៅលើកិច្ចការដែលបានអនុវត្តកន្លងមក។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកប្រធាននាយកដ្ឋានព័ត៌មានទូរទស្សន៍ភាសាជាតិ រួចមក ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍កោតសរសើរ ចំពោះនាយកដ្ឋានព័ត៌មាន ដែលបានខិតខំប្រឹងប្រែងរៀបចំយ៉ាងយកចិត្តទុកដាក់ ក្នុងការពិពណ៌នាមុខតំណែងគ្រប់គ្រង និងជំនាញវិជ្ជាជីវៈ ព្រមទាំងកោតសរសើរ ចំពោះក្រុមការងារ ដែលបានរៀបចំការពិពណ៌នារបស់នាយកដ្ឋានព័ត៌មាន ដោយបានបង្ហាញអំពីភាពច្បាស់លាស់នៃកិច្ចការដែលត្រូវទទួលខុសត្រូវ។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានមានប្រសាសន៍ណែនាំ និងតម្រង់ទិស ដល់អង្គប្រជុំ ក្នុងការកែសម្រួលបន្ថែមទៀតលើតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ក្នុងការពិពណ៌នាមុខតំណែងគ្រប់គ្រង និងជំនាញវិជ្ជាជីវៈ ដើម្បីជាមូលដ្ឋានសម្រាប់ការកែ សម្រួល ការពិពណ៌នាមុខតំណែងឱ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងស្របតាមការអនុវត្តជាក់ស្តែង។
ក្នុងឱកាសនោះ អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុសផុល ដោយបានលើកឡើងនូវមតិយោបល់ផ្សេងៗ ពាក់ព័ន្ធនឹងតួនាទី ភារកិច្ច ការទទួលខុសត្រូវ សមត្ថភាព និងជំនាញដែលត្រូវមានសម្រាប់មុខតំណែងនីមួយៗ។ ការពិភាក្សានេះ ក៏បានផ្តោតលើការរៀបចំ និងកែសម្រួលខ្លឹមសារ ឱ្យមានភាពស៊ីសង្វាក់គ្នា រវាងមុខតំណែង និងការងារជាក់ស្តែងរបស់នាយកដ្ឋាន ព្រមទាំងធានាឱ្យការបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រី មានភាពច្បាស់លាស់ និងមិនត្រួតស៊ីគ្នា។
អង្គប្រជុំបានពិនិត្យ និងកែសម្រួលលម្អិតទៅលើខ្លឹមសារនៃការពិពណ៌នាមុខតំណែង ដោយផ្តោតជាសំខាន់លើការកំណត់តួនាទី ភារកិច្ច ការទទួលខុសត្រូវ ព្រមទាំងចំណេះដឹង ជំនាញ និងសមត្ថភាពវិជ្ជាជីវៈ ដែលត្រូវមានសម្រាប់មុខតំណែងនីមួយៗ។ ការពិភាក្សា និងកែសម្រួលនេះ មានគោលបំណងធ្វើឱ្យការពិពណ៌នាមុខតំណែងកាន់តែមានលក្ខណៈជាក់លាក់ អាចអនុវត្តបាន និងឆ្លើយតបទៅនឹងតម្រូវការការងារជាក់ស្តែងរបស់នាយកដ្ឋានព័ត៌មានទូរទស្សន៍ភាសាជាតិ។
ជាមួយគ្នានេះ ការរៀបចំ និងពិនិត្យឡើងវិញលើការពិពណ៌នាមុខតំណែង ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពការងារ ការបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រី ព្រមទាំងជួយលើកកម្ពស់គុណភាពការងារ និងសមត្ថភាពវិជ្ជាជីវៈ ឱ្យស្របតាមតួនាទី និងភារកិច្ចរបស់នាយកដ្ឋាន។
ជាលទ្ធផល អង្គប្រជុំបានឯកភាពលើការកែសម្រួលបន្ថែមនូវចំណុចពាក់ព័ន្ធនានា ដើម្បីឱ្យការពិពណ៌នាមុខតំណែងគ្រប់គ្រង និងជំនាញវិជ្ជាជីវៈរបស់នាយកដ្ឋានព័ត៌មានទូរទស្សន៍ភាសាជាតិ អាចសម្រេចបាននូវភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ស្របតាមតួនាទី និងភារកិច្ចជាក់ស្តែង ព្រមទាំងអាចយកទៅប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការរៀបចំ និងអនុវត្តការងាររបស់មន្ត្រីនាពេលខាងមុខ៕