លទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧» នៅទីស្តីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំនេះ ដែលជាកិច្ចប្រជុំទី១៧ កិច្ចប្រជុំចុងក្រោយ ដោយឈរលើលទ្ធផលនៃការបោះឆ្នោតរបស់តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចយកតួលេខ ២១០ដុល្លារ អាម៉េរិក ក្នុងមួយខែ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។
ក្នុងអង្គពិធីប្រជុំនេះដែរ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្ថែមចំនួន ២ដុល្លារអាម៉េរិក លើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ មាន ចំនួន ២១២ដុល្លារអាម៉េរិក ក្នុងមួយខែ។
ឯកឧត្តម ហេង សួរ បានមានប្រសាសន៍បន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឯកភាពរក្សាទុក “ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ” ចំនួន ២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ស្របតាមស្មារតីនៃ កិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ទៅអនុវត្តបន្តនៅឆ្នាំ២០២៧ផងដែរ។
បងប្អូនកម្មករនិយោជិត ក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានកំណើនប្រាក់ឈ្នួលគោល ចំនួន ៤,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ដែលក្នុងនោះរួមមានកំណើនប្រាក់ឈ្នួលអប្បបរមាចំនួន ២ដុល្លារ អាម៉េរិក និងប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរនិងថ្លៃស្នាក់នៅចំនួន ២,៥ដុល្លារអាម៉េរិក។
ស្របជាមួយគ្នានេះ អត្ថប្រយោជន៍ផ្សេងទៀតដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិក និងសោហ៊ុយ ធ្វើដំណើរនិងថ្លៃស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់រង្វាន់អតីតភាពការងារចំនួន ២ដុល្លារអាម៉េរិក ក្នុងមួយខែ នៅឆ្នាំទី២ និងកើនឡើង ១ដុល្លារអាម៉េរិក រៀងរាល់ឆ្នាំរហូតដល់ឆ្នាំទី១១, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការបន្ថែមម៉ោង ដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬទទួលបានបាយមួយពេលដោយឥតគិតថ្លៃ គឺនៅរក្សាដដែល។
ជាចុងក្រោយ ឯកឧត្តម ហេង សួរ មានប្រសាសន៍បញ្ជាក់ថា ប្រាក់ឈ្នួលគោលក្នុងមួយខែ ដែលបងប្អូនកម្មករនិយោជិត ក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ទទួលបានពិតប្រាកដ សម្រាប់ឆ្នាំ២០២៧នេះ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ៕



