បណ្ណកម្មសិទ្ធិប្រមាណជាង ៦២ម៉ឺនបណ្ណបានចែកដល់ដៃពលរដ្ឋក្នុងខេត្តកំពត ខណៈក្បាលដីប៉ាន់ស្មានជាង ៧៨ម៉ឺនក្បាលដីបញ្ចប់ការវាស់វែង
ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភូមិអង្គុញ ភូមិតាឡង់ ឃុំត្នោតចុងស្រង់ និងភូមិត្បាល់កិន ឃុំបន្ទាយមាសខាងលិច ដែលធ្វើឡើងក្នុងបរិវេណវត្តក្រាំងទឹក ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ក្រោមកិច្ចចង្អុលការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការជំរុញគាំទ្រពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្រុមការងារជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការចុះវាស់វែងដីធ្លីលើក្បាលដីប៉ាន់ស្មានសរុបប្រមាណ ៧៨៤ ០៦៤ក្បាលដី រួចរាល់ជាស្ថាពរ ខណៈដែលបណ្ណកម្មសិទ្ធិចំនួន ៦២៣ ៧២៤ បណ្ណបានចែកជូនដល់ដៃប្រជាពលរដ្ឋ។
លោកប្រធានមន្ទីរបានបន្តថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញនៃមន្ទីរ ដ.ន.ស.ស ខេត្តកំពត ក្រោមការចង្អុលបង្ហាញ និងជំរុញពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត និងដោយទទួលបានការសហការពីអាជ្ញាធរ និងប្រជាពលរដ្ឋ បានធ្វើឱ្យការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិក្នុងខេត្តទទួលបានលទ្ធផលល្អប្រសើរ ស្របតាមផែនការដែលបានគ្រោងទុកដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។ ហើយក្នុងនាមជាមន្រ្តីជំនាញនៃមន្ទីរ ដ.ន.ស.ស ខេត្តកំពត នឹងខិតខំប្រឹងប្រែង ជម្នះ ពុះពាររាល់ឧបសគ្គ ក្នុងការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លី ចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៦ ស្របតាមផែនការរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលបានកំណត់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានសំដែងការអបអរសាទរ ចំពោះប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ដោយឡែកស្រុកបន្ទាយមាសទាំងបីភូមិ ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ដែលជាអំណោយកាត់ថ្លៃពុំបានរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញ និងដាក់ចេញនូវគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ដើម្បីឱ្យប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍ពីវិស័យនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ដែលបានរួមសហការគ្នាបានល្អប្រសើរ ហើយធ្វើឱ្យការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិទទួលបានលទ្ធផលល្អប្រសើរ តាមការដាក់ចេញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីរួចរាល់ហើយសូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីទាញយកប្រយោជន៍ឱ្យអស់ពីវិស័យដីធ្លីនេះ សម្រាប់បង្កើនជំរុញឱ្យជីវភាពរស់នៅកាន់តែប្រសើរ។ ទន្ទឹមនឹងនោះ សូមកុំឱ្យមានវិវាទកើតឡើង ព្រោះមុននឹងយើងទទួលបានបណ្ណនេះ គឺយើងបានឯកភាពគ្នា និងទទួលស្គាល់តាមផ្លូវច្បាប់រួចរាល់ហើយ។ ម្យ៉ាងទៀត ចំពោះការដោះស្រាយវិវាទដីធ្លីដែលមានបណ្ណកម្មសិទ្ធិនេះ គឺត្រូវទៅដោះស្រាយតាមប្រព័ន្ធតុលាការ មិនអាចយកមកដោះស្រាយក្រៅប្រព័ន្ធតុលាការបានឡើយ។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃនេះ មានការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ៣ភូមិ ដែលមានក្បាលដីសរុបចំនួន ៤ ២២៧ក្បាលដី ស្មើនឹង ១ ៥៦៦គ្រួសារ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



