ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញកាន់បិណ្ឌវេនទី៣ នៅវត្តឧត្តមវិញ្ញាណរាម (វត្តរាម)

ខេត្តព្រះសីហនុ៖ បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិ និងព្រះពុទ្ធសាសនាដ៏ធំបង្អស់មួយរបស់ប្រជាជនខ្មែរ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ (មានរយៈពេល ១៥ថ្ងៃ)។ ពិធីបុណ្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីឧទ្ទិសកុសលជូនដល់ញាតិកាទាំង ៧សណ្តានដែលបានចែកឋានទៅ និងដើម្បីបណ្តុះស្មារតីដឹងគុណ ព្រមទាំងការជួបជុំគ្នារវាងសាច់ញាតិបងប្អូន។

ដំណាក់កាលនៃពិធីបុណ្យពិធីបុណ្យនេះត្រូវបានបែងចែកជាពីរថ្នាក់ធំៗ៖

១. ពិធីកាន់បិណ្ឌ (បិណ្ឌ១ ដល់ បិណ្ឌ១៤) ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ។ ក្នុងអំឡុងពេលនេះ ប្រជាពលរដ្ឋតែងផ្លាស់ប្តូរវេនគ្នាទៅវត្តអារាម ដើម្បីប្រគេនចង្ហាន់ និងទេយ្យទានផ្សេងៗដល់ព្រះសង្ឃ។

២. ថ្ងៃភ្ជុំបិណ្ឌ (បិណ្ឌ១៥): ជាថ្ងៃចុងក្រោយ (ថ្ងៃ ១៥រោច) ដែលជាថ្ងៃជួបជុំធំ។ គ្រប់ក្រុមគ្រួសារតែងតែទៅប្រមូលផ្តុំគ្នានៅតាមវត្តអារាមនានា ដើម្បីធ្វើពិធីឆ្លងបុណ្យរួមគ្នាប្រកបដោយសទ្ធាជ្រះថ្លា។

ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងវេនកាន់បិណ្ឌទី៣ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមពិធីរាប់បាត និងនាំយកទេយ្យទាន ចង្ហាន់ ព្រមទាំងបច្ច័យទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តឧត្តមវិញ្ញាណ (ហៅវត្តរាម)។

ពិធីនេះត្រូវបានរៀបចំឡើងទៅតាមគន្លងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ពីបុរាណមកដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ និងបុព្វបុរសយុទ្ធជនជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានបួងសួងសូមសេចក្តីសុខ សេចក្តីចម្រើន ភាពសប្បាយរីករាយ និងសន្តិភាព កើតមានដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះសីហនុ ព្រមទាំងទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានប្រគេនចង្ហាន់ បច្ច័យ និងទេយ្យវត្ថុផ្សេងៗសម្រាប់ទ្រទ្រង់ព្រះសង្ឃ ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខពុទ្ធបរិស័ទជិតឆ្ងាយដែលបានមកធ្វើបុណ្យទាន និងចូលរួមចំណែកថែរក្សា លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនតទៅ។