រុស្ស៊ីនៅតែមិនដកដៃ បន្តវាយប្រហារអ៊ុយក្រែនសឹងតែជារៀងរាល់ថ្ងៃ! ដោយម្សិលមិញនេះ Drone របស់រុស្ស៊ី បានសម្លាប់មនុស្ស៣នាក់-១៩នាក់រងរបួសនៅទីក្រុង Dnipro
យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និង ១៩ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍វាយប្រហារនាពេលវេលាថ្ងៃត្រង់របស់រុស្ស៊ីទៅលើទីក្រុង Dnipro (ឌីនីប្រូ) ស្ថិតនៅភាគកណ្តាលប្រទេសអ៊ុយក្រែន នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលយោធាប្រចាំតំបន់ Dnipropetrovsk កាលពីថ្ងៃចន្ទ។ អ្នកស្រុកម្នាក់បាននិយាយថា៖ ពេលនោះខ្ញុំកំពុងស្ថិតនៅផ្ទះ ភា្លមៗខ្ញុំបានឮសំឡេងផ្ទុះយ៉ាងខ្លាំង។ ខ្ញុំដើរចេញទៅខាងក្រៅទីធ្លាផ្ទះដើម្បីរកមើលថាតើមានរឿងអ្វីកើតឡើង។ ស្រាប់តែមួយសន្ទុះផ្ទះរបស់ខ្ញុំបានរំញ័រ។ ខ្ញុំបានមើលឃើញថា កញ្ចក់បង្អួចផ្ទះត្រូវកម្លាំងផ្ទុះបោកផ្ទប់បែកខ្ទេចខ្ទី តែម្តង។ លោក Oleksandr Hanzha ប្រធានរដ្ឋបាលយោធាប្រចាំតំបន់ Dnipropetrovsk បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក ឬ Drone របស់រុស្ស៊ីនេះគឺបានវាយប្រហារអគារការិយាល័យមួយនៅកណ្តាលទីក្រុង Dnipro បង្កឱ្យមានអគ្គិភ័យ និងបណ្តាលឱ្យមនុស្សរងរបួស។ លោកបានបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះបានជួយនាំមនុស្ស៤៧នាក់ចេញពីអគារដែលកំពុងឆាបឆេះ នោះ ហើយអ្នកដែលជាប់នៅជាន់ខាងលើត្រូវបានគេជម្លៀសចេញដោយប្រើរថយន្តដែលមានជណ្តើរយោង សម្រាប់ជួយសង្គ្រោះពីផ្នែកខាងលើអាកាសចុះមកក្រោមបានទាន់ពេលវេលា៕
សម្រួលអត្ថបទ៖ សុផារិន្ទ



