ប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ា ជួបប្រទះស្ថានភាពអាកាសធាតុអាក្រក់ដូចគ្នា! ប៉ុន្តែធ្ងន់ធ្ងរជាងគេគឺភាគខាងកើតទីក្រុងបាងកកប៉ះពាល់ដល់ពលរដ្ឋជាង ៣២៩.០០០គ្រួសារ

ទឹកជំនន់នៅក្នុងទីក្រុងបាងកក ដែលជារដ្ឋធានីដ៏សំខាន់របស់ប្រទេសថៃ ទឹកបានចាប់ផ្តើមស្រកចុះបន្តិចម្តងៗហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ស្ទើរតែមិនឈប់ មិនឈរពេញមួយចុងសប្តាហ៍កន្លងទៅនេះ ទោះបីជាតំបន់មួយចំនួន និងផ្លូវធំៗមួយចំនួននៅតែបន្តលិចលង់ក៏ដោយ។ មន្ត្រីទីក្រុងបាងកកបានឱ្យដឹងថា ស្ថានភាពថ្ងៃនេះបានប្រសើរឡើងវិញក្នុងកម្រិតមួយដែលអាចអនុញ្ញាតឱ្យមានការបង្កើនល្បឿននៃប្រតិបត្តិការបូមទឹកចេញពីក្រុងបាន។ កម្រិតទឹកនៅក្នុងប្រឡាយមេសំខាន់ៗចំនួន៤បានឡើងខ្ពស់ពេកក្នុងអំឡុងពេលនៃចុងសប្តាហ៍នេះ រហូតវាមិនអាចទទួលទឹកដែលហូរមកពីតំបន់ជុំវិញបាន។ រដ្ឋបាលទីក្រុងបាងកកបានឱ្យដឹងថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះបានជះឥទ្ធិពលដល់គ្រួសារប្រហែលជា ៣២៩,០០០គ្រួសារ ឬស្មើនឹងមនុស្សប្រហែល ៧០០,០០០នាក់ ដែលទំហំប៉ាន់ស្មានពីការខូចខាតដោយទឹកជំនន់លើកនេះ អាចមានតម្លៃជាង ៣២០លានដុល្លារអាម៉េរិក។ លោកស្រី Tavida Kamolvej អភិបាលរងទីក្រុងបានមានប្រសាសន៍ថា តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងរដ្ឋធានីនេះ គឺខណ្ឌ Lat Krabang ដែលមានប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចន្លោះពី ៣០,០០០ ទៅ ៤០,០០០នាក់។ យោងតាមការព្យាករណ៍អាកាសធាតុបានបង្ហាញថា ប្រទេសថៃនឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅទូទាំងប្រទេស ទោះបីជាទីក្រុងបាងកកត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់តិចជាងតំបន់ផ្សេងទៀតក៏ដោយ។ ចំណែកនៅប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាវិញក៏កំពុងជួបប្រទះនឹងស្ថានភាពអាកាសធាតុដ៏អាក្រក់ដូចគ្នានេះផងដែរ។ តំបន់នៅភាគខាងកើតនៃទីក្រុងបាងកកគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ កាលពីថ្ងៃចន្ទកម្រិតទឹកមានជម្រៅប្រហែលត្រឹមជង្គង់នៅក្បែរស្ថានីយរថភ្លើង និងផ្សារទំនើបមួយក្នុងសង្កាត់ Bang Kapi។ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងជាដំណាក់កាលៗក៏ដោយ ក៏អ្នកដើរទិញឥវ៉ាន់នៅតែដើរលុយទឹក ដោយកាន់ថង់ កាបូបស្ពាយ និងប្រអប់ទំនិញផ្សេងៗ ដើម្បីចូលទៅផ្សារទិញទំនិញ និង គ្រឿងឧបភោគរបស់ពួកគេទុកដែរ ខណៈតាមផ្សារ និង ហាងលក់ទំនិញនានា គឺអស់ទំនិញលក់យ៉ាងលឿនមិនគួរឲ្យជឿ។ អ្នកខ្លះបានធ្វើដំណើរទៅមកតាមស្ថានីយរថភ្លើងដោយជិះទូកតូចមួយដែលផ្តល់ជូនដោយផ្សារទំនើបផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ