អភិបាលរាជធានីភ្នំពេញ ណែនាំអោយក្រុមការងារនៃមន្ទីរសាធារណការ សហការជាមួយខណ្ឌពោធិ៍សែនជ័យ ចុះលាងសំអាត មហាវិថីសហព័ន្ឋរុស្ស៊ី នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ដោយសារមានដីកកលើផ្លូវ ក្រោយពីមានភ្លៀងធ្លាក់មួយមេធំ។
អនុវត្តតាមការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើសកម្មភាពលាងសំអាត មហាវិថីសហព័ន្ឋរុស្ស៊ី នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ក្រោយពីមានដីកកលើផ្លូវក្រោយពីមានភ្លៀងធ្លាក់មួយមេធំ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ កាលពីម្សិលម៉ិញ មានភ្លៀងធ្លាក់មួយមេធំ បណ្តាលឱ្យកំណាត់មហាវិថីសហព័ន្ឋរុស្ស៊ី ពិសេសនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាបទី២និងសង្កាត់ចោមចៅទី៣ បានទទួលរងនូវកាលលិចលង់ដោយជំនន់ទឹកភ្លៀង ហើយក្រោយពីទឹកបានស្រកអស់ ម្យ៉ាងដោយមានធូលីដី កកលើទ្រូងផ្លូវ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំជាបន្ទាន់ឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់រថយន្ត១០គ្រឿង ធ្វើការលាងសំអាតភ្លាមៗ ដោយចាប់អនុវត្តពីមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញរហូតដល់សាលារៀនជម្ពូរវ័ន ដើម្បីកុំឱ្យដីហុយ ប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋ ហើយក៏ជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញផងដែរ ខណៈដែលពេលនេះប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដែលកាន់ព្រះពុទ្ធសាសនា បាននឹងកំពង់ធ្វើដំណើរទៅដាក់វេនបិណ្ឌ តាមប្រពៃណីសាសនា នៅតាមវត្តអារាមនានា។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងផងដែរថា៖ កំណាត់មហាវិថីសហព័ន្ឋរុស្ស៊ី ពិសេសនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រព័ន្ធលូបង្ហូរទឹក២ខ្សែដែលត្រូវហូររំដោះចេញ ដោយខ្សែទី១នៅប៉ែងខាងជើងមហាវិថីសហព័ន្ឋរុស្ស៊ីទឹកត្រូវហូរចាក់បន្តទៅប្រឡាយទួលសំពៅ។ចំណែកខ្សែទី២ ប៉ែងខាងត្បូងមហាវិថីសហព័ន្ឋរុស្ស៊ីទឹកត្រូវហូរទៅប្រឡាយបារាំង ប៉ុន្តែឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗកំណាត់មហាវិថីមួយនេះតែងទទួលរងការលិចលង់ ហើយក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចុះដោះស្រាយភ្លាមៗ ធ្វើឱ្យការលិចលង់មិនប្រើពេលយូនោះទេ៕



