វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦ បានបើកដំណើរការ ដោយនាំយក ដំណោះ ស្រាយកែច្នៃ និងវេចខ្ចប់ សម្រាប់សហគ្រាសកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Informa Markets បានសហការរៀបចំ “វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦” ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងអ្នកជំនាញផ្នែកវេចខ្ចប់ ដើម្បីជំរុញការ កែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។
ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ដោយផ្សារភ្ជាប់កិច្ចពិភាក្សាគោលនយោបាយ និងឧស្សាហកម្ម ជាមួយនឹងបច្ចេកវិទ្យា និងសេវាកម្ម ដែលអាច អនុវត្ត បានជាក់ស្តែង។ វេទិកាវេចខ្ចប់កម្ពុជា ២០២៦ (PackTalkCambodia 2026) ត្រូវបានរៀបចំឡើង ក្រោម ប្រធានបទ «ការវេចខ្ចប់៖ ជំហានចុងក្រោយដើម្បីចូលទៅកាន់ទីផ្សារ»។
ថ្លែងក្នុងពិធីបើក ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងសមត្ថភាពផ្នែកវេចខ្ចប់ ស្របពេលដែលឧស្សាហកម្មកែច្នៃអាហារ និងផលិតកម្មក្នុងស្រុកកំពុងរីកចម្រើន។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ការវេចខ្ចប់គឺជាតំណភ្ជាប់បន្ទាប់នៅក្នុងខ្សែច្រវាក់ផលិតកម្ម។ ការអភិវឌ្ឍវិស័យនេះមានសារសំខាន់ មិនត្រឹមតែសម្រាប់កែលម្អផលិតផលនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។”
ឯកឧត្តមបានបន្ថែមថា ប្រព័ន្ធអេកូឡូស៊ីវេចខ្ចប់ដែលមានភាពប្រកួតប្រជែង ត្រូវការអ្នកផ្គត់ផ្គង់ក្នុងស្រុកកាន់ តែ រឹងមាំ សេវាបច្ចេកទេស សមត្ថភាពស្រាវជ្រាវ និងធ្វើតេស្ត ព្រមទាំងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអ្នក ផលិតសំបកវេចខ្ចប់ និងឧស្សាហកម្មដែលប្រើប្រាស់សំបកវេចខ្ចប់។
វេទិកាវេចខ្ចប់ រួមមានកិច្ចពិភាក្សាអំពីការការពារផលិតផល ការរចនាសំបកវេចខ្ចប់ សុវត្ថិភាពម្ហូបអាហារ ស្តង់ដា ការរៀបចំស្លាកលើសំបកផលិតផលនិរន្តរភាពនៃការវេចខ្ចប់ និងទំនុកចិត្តរបស់ អ្នកប្រើប្រាស់។ កម្មវិធីមានគោល បំណងផ្សារភ្ជាប់ក្រុមហ៊ុនផលិត និងសហគ្រាសកែច្នៃកសិផលកម្ពុជា ជាមួយអ្នកផ្គត់ផ្គង់សម្ភារ វេច ខ្ចប់ អ្នកស្រាវ ជ្រាវ ស្ថាប័នបច្ចេកទេស និងដៃគូអាជីវកម្មសក្តានុពល។
ព្រឹត្តិការណ៍មួយទៀត គឺពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦ (FoodTec Cambodia 2026) ដែល មានស្តង់ពិព័រណ៍ជាង ១០០ តាំងបង្ហាញគ្រឿងម៉ាស៊ីន ដំណោះស្រាយសម្រាប់ការកែច្នៃ និងវេចខ្ចប់អាហារនិងបច្ចេកវិទ្យាកសិកម្ម។ ពិព័រណ៍នេះរំពឹងថានឹងទាក់ទាញអ្នកពាក់ព័ន្ធពីវិស័យឧស្សាហកម្ម ធុរកិច្ច អ្នកស្រាវ ជ្រាវ និងអ្នកចូលរួមប្រមាណ ៥.០០០ នាក់។
លោក Gerard Leeuwenburgh អគ្គនាយកប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa Markets បានលើកឡើងថា៖ “ពិព័រណ៍នេះផ្តល់វេទិកាដ៏សំខាន់មួយសម្រាប់គំនិតអាជីវកម្មធំៗ ដំណោះ ស្រាយឆ្លាតវៃ និងកិច្ចសហការជាសកល។ យើងលើកទឹកចិត្តអ្នកចូលរួមឱ្យស្វែងយល់ បង្កើត ទំនាក់ទំនង និងទទួលការបំផុស គំនិត ខណៈដែលយើងកំពុងរួមគ្នាកសាងឧស្សាហកម្មផលិត និងកែច្នៃ អាហារដែល កាន់តែមាន ចីរភាព នវានុវត្តន៍ និងប្រាក់ចំណេញ។”
ក្នុងឱកាសនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាសាធារណៈទាំងអស់ (១០០%) របស់ក្រសួង តាមប្រព័ន្ធឌីជីថល ដើម្បីឱ្យសហគ្រាស និងសាធារណជន អាចប្រើប្រាស់សេវាបានកាន់តែលឿន ងាយស្រួល មានតម្លាភាព និងប្រសិទ្ធិភាព ៕



