រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ សមិទ្ធផលដែលកម្ពុជាមានសព្វថ្ងៃនេះ មិនអាចកាត់ផ្ដាច់ពីគុណបំណាច់របស់និវត្តជន~~~
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា សមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងបន្តអភិវឌ្ឍន៍ឲ្យរីកចម្រើនតទៅមុខ មិនអាចកាត់ផ្ដាច់បានឡើយ ពីគុណបំណាច់របស់និវត្តន៍ជនកម្ពុជា ដែលបានលះបង់នាពេលកន្លងមក ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា មានប្រសាសន៍ថា ការជួបជុំនិវត្តជនរបស់អគ្គិសនីកម្ពុជា បានរៀបចំធ្វើឡើងមានចំនួន ១១លើករួចមកហើយ ដោយឡែកសម្រាប់ការប្រារព្ធធ្វើនៅឆ្នាំនេះ មានចំនួន៦៨៩នាក់ (ស្ត្រី៩៧នាក់) ដែលការជួបជុំនេះ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ក្នុងវិស័យអគ្គិសនី ជាពិសេសដឹងគុណ ពីការចូលរួមចំណែកកសាងអគ្គិសនីកម្ពុជា របស់រៀមច្បងដែលបានបំពេញភារកិច្ចកសាងវិស័យនេះ ពីចំណុចចាប់ផ្ដើមរហូតដល់មានការីកចម្រើន និងផ្គត់ផ្គង់ទូទាំងប្រទេសដូចបច្ចុប្បន្ននេះ ។
ឯកឧត្តមអគ្គនាយក បានបន្ថែមថា ក្រោមកិច្ចខិតខំប្រឹងប្រឹងពីថ្នាក់ដឹកនាំជំនាន់មុន និងនិវត្តន៍ជនអគ្គិសនីកម្ពុជា គឺនៅឆ្នាំ២០២៦នេះ អគ្គិសនីកម្ពុជា បានចាប់ផ្ដើមប្រើប្រាស់អនុស្ថានីយប្រភេទចល័ត ដែលផ្ដល់ភាពងាយស្រួលលឿន ក្នុងការផ្ទេរពីទីតាំងមួយទៅទីតាំងមួយ ដែលមានតម្រូវការបន្ទាន់ បម្រើដល់បន្ទុកប្រើប្រាស់ រួមមានវិស័យឧស្សាហកម្មធន់ធ្ងន់ ក៏ដូចជាបម្រុងទុកជាដើម ។ បច្ចុប្បន្នបានដាក់ឲ្យដំណើរការចំនួន៣ហើយ ដោយ៥ទៀតនឹងមកដល់ ក្នុងចុងឆ្នាំ២០២៦ ដែលជួយសម្រួលបង្កើនគុណភាពនៃការផ្គត់ផ្គង់ ដល់តំបន់មួយចំនួនដែលត្រូវការចាំបាច់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុយ សែម តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ក៏បានអំពាវនាវដល់និវត្តជនទាំងអស់ សូមបន្តថែរក្សាសុខភាព ដើម្បីបានបន្តឃើញនូវសមិទ្ធផលបន្ថែមទៀត របស់អ្នកបន្តវេនជំនាន់ក្រោយ ដែលបានខិតខំកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយនិវត្តជនក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជានិវត្តជនក្នុងវិស័យនានា បានខិតខំកសាងប្រទេសពីបាតដៃទទេ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយឡែកក្នុងវិស័យរ៉ែ និងថាមពល ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។
ឯកឧត្តមបានបន្តថា ចំពោះវិស័យរ៉ែ និងថាមពលនេះ ដែលជាសមិទ្ធផលបន្សល់មកពី និវត្តជន គឺធ្វើឲ្យកម្ពុជាមានស្ថិរភាពលើការផ្គត់ផ្គង់អគ្គិសនី ប្រជាពលរដ្ឋមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ បើទោះបីជាលែងនាំចូលពីប្រទេសថៃ ដែលបង្កឡើងដោយជម្លោះព្រំដែន ខណៈចំណូលបានមកពីវិស័យរ៉ែ និងថាមពល ក៏បានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយនេះ ឯកឧត្តម កែវ រតនៈ ក៏បានថ្លែងអំណរគុណដល់និវត្តជន ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក ហើយបានធ្វើឲ្យវិស័យរ៉ែ និងថាមពល ទទួលបានសមិទ្ធផលជាផ្លែផ្កា និងជាទីមោទនក្នុងពេលបច្ចុប្បន្ននេះ ។ ក្នុងពេលចូលរួមពិធីសំណេះសំណា លនេះ និវត្តជនអគ្គិសនីកម្ពុជា លើកឡើងថា ការជួបសំណេះសំ ណាលប្រចាំឆ្នាំ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល បានបង្ហាញពីការយកចិត្តទុកដាក់ ចំពោះនិវត្តជន ហើយកាន់តែធ្វើឲ្យពួកគាត់មានសង្ឃឹមលើថ្នាក់ដឹកនាំ និងថា ការប្រឹងប្រែងរបស់ពួកគាត់នាពេលកន្លងមក ពិតជាមានតម្លៃ ៕



