ថវិកា និងគ្រឿងឧបភោគបរិភោគ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឃុំកែវផុស
ខេត្តព្រះសីហនុ៖ លោក យូសុះ សូឡៃម៉ាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយមន្ត្រីអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងប្រគល់អំណោយស្ដីពីអង្ករ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍កែវផុស នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតនៅ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក ម៉ូវ ធឿន ប្រធានមជ្ឈមណ្ឌល បានអោយដឹងថា មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ កែវផុស ត្រូវបានបង្កើតឡើងលើផ្ទៃដីទំហំ ២០ហិកតា។ បច្ចុប្បន្ន មជ្ឈមណ្ឌលមានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ៥៦នាក់ (ស្រី ១២នាក់) កំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការគ្រប់គ្រង ជនរងគ្រោះដោយគ្រឿងញៀន។
លោកបានបញ្ជាក់ថា កម្មវិធីព្យាបាល និងស្តារនីតិសម្បទានៅទីនេះ ផ្តោតសំខាន់លើកិច្ចការអប់រំ និងព្យាបាលជាច្រើន រួមមាន ការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន អប់រំផ្នែកចិត្តសាស្រ្ត និងវិជ្ជសាស្រ្ត ( ដោយមន្ត្រីក្នុងមជ្ឈមណ្ឌល និងគ្រូពេទ្យមជ្ឈមណ្ឌល ) អប់រំសុខភាពនិងអនាម័យ ( ជម្ងឺកាមរោគ និងជម្ងឺអេដស៍) ធ្វើការប្រជុំពេលព្រឹក និងពេលល្ងាច ជុំវិញបញ្ហារស់នៅរបស់ជនរងគ្រោះ បង្កើតឲ្យមានមិត្តជួយអប់រំមិត្ត ធ្វើការពិគ្រោះយោបល់មួយនិងមួយ ជាមួយជនរងគ្រោះ ការធ្វើលំហាត់ប្រាណ។
លោក យូសុះ សូឡៃម៉ាន បាននាំយកអំណោយដ៏ថ្លៃថ្លាជា ថវិកា និងគ្រឿងឧបភោគបរិភោគ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ មកប្រគល់ជូនដោយផ្ទាល់ ដែលរួមមាន ថវិកា ១០ លានរៀល អង្ករ ១០ តោន ត្រសក់ចាវ ២០០ គីឡូក្រាម ទឹកត្រី ១០០ យួរ ទឹកស៊ីអ៊ីវ ១០០ យួរ និងមី ១០០ កេះ។ ទន្ទឹមនឹងនេះក៏ទទួលបានអំណោយឧបត្ថម្ភបន្ថែមពី ឧកញ៉ា ម៉ុង រឹទ្ធី គឺ សាច់ជ្រូកចំនួន ៣ក្បាល សម្រាប់បំពេញ បន្ថែមដល់ម្ហូបអាហារប្រចាំថ្ងៃរបស់ជនរងគ្រោះនៅក្នុងមជ្ឈមណ្ឌលផងដែរ។
លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមប្រឹក្សាភិបាល មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត យកចិត្តទុកដាក់ខ្ពស់ក្នុងការមើលថែទាំ ព្យាបាល និងបង្ហាត់បង្រៀនដល់ជនរងគ្រោះដោយភាពអត់ធ្មត់។ ជាមួយគ្នានេះ លោក យូសុះ សូឡៃម៉ាន ក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនជនរងគ្រោះទាំងអស់ ឱ្យខិតខំព្យាបាលខ្លួនដោយភាពម៉ឺងម៉ាត់ គោរពបទបញ្ជាផ្ទៃក្នុង និងវិន័យរបស់មជ្ឈមណ្ឌល ដើម្បីឆាប់បានជា សះស្បើយ និងអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញព្រមទាំងត្រៀមខ្លួនក្លាយជា ពលរដ្ឋល្អ មានប្រយោជន៍ដល់សង្គមជាតិ នៅថ្ងៃអនាគត។

អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ


