គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ប្រគល់សញ្ញាបត្របឋមសិក្សាឥស្លាមកម្ពុជា លើកទី៦ ដល់សិស្សានុសិស្ស សម័យប្រឡង៖ ៣ សីហា ២០២៦
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានរៀបចំពិធីប្រគល់សញ្ញាបត្របឋមសិក្សាឥស្លាមកម្ពុជាលើកទី៦ ជូនដល់សិស្សានុសិស្សជ័យលាភីចំនួន ៥៩៣នាក់ ឆ្នាំសិក្សា២០២៥- ២០២៦ ក្រោមអធិបតីភាពអ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
ពិធីប្រគល់សញ្ញាបត្របឋមសិក្សាឥស្លាមកម្ពុជានាឱកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា លោក Anas Bin Ayob អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានអប់រំកិច្ចការសាសនាឥស្លាមរដ្ឋ SELANGOR ព្រមទាំងឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈអ៊ីម៉ាំរាជធានីខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សប្រមាណ ៦១២នាក់។
ថ្លែងក្នុងឱកាសនេះ លោក អះម៉ាត់ យ៉ះយ៉ាអារ៉ាហ្វាត ប្រធានគណៈកម្មការប្រឡងសញ្ញាបត្របឋមសិក្សាឥស្លាម និងជាភូឈួយទី១នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៦១២នាក់ ស្រី ៣៥៥នាក់ កើនប្រមាណ១១.៤៨ ភាគរយ បើប្រៀបនឹងសិស្សចុះឈ្មោះប្រឡងឆ្នាំសិក្សា ២០២៤-២០២៥។ ចំនួនសិស្សចូលរួមប្រឡងសរុប ៦១២នាក់ អវត្តមាន ៣នាក់ ស្រី២នាក់ ដែលមកពី២៧ សាលាស្ថិតនៅក្នុង ប្រាំពីរ(០៧) រាជធានីខេត្ត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តកណ្តាល កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។ លោកប្រធានគណៈកម្មការប្រឡង បានមានប្រសាសន៍បន្តថា ចំនួនសិស្សប្រឡងជាប់សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ សរុបចំនួន៥០៣ ស្មើនឹង៩៣% ដែលមានសិស្សទទួលបាននិទ្ទេសល្អណាស់ ចំនួន ១៤៩នាក់ (ស្រី១០០នាក់), ល្អ ចំនួន២០៤នាក់ (ស្រី ១១៣នាក់), ល្អបង្គួរ ចំនួន ១៤០នាក់ (ស្រី ៧៥នាក់), និងមធ្យម ចំនួន ១០០នាក់ (ស្រី ៥៦នាក់)។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្របឋមសិក្សាឥស្លាមកម្ពុជា អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំការប្រឡង ព្រមទាំង គណៈអីម៉ាំរាជធានី ខេត្តនាយកសាលា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ដែលបាន សហការគ្នាជិតស្និទ្ធ រហូតដំណើរការប្រឡងទាំងមូល ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។
អ្នកឧកញ៉ា សុះ កំរ៉ី មានប្រសាសន៍ថា វិស័យអប់រំគឺជាវិស័យអាទិភាព និងជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់បំផុតសម្រាប់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ។
បន្ថែមពីនេះ អ្នកឧកញ៉ា សុះ កំរ៉ី បានលើកឡើងថា ស្របតាមការដាក់ឱ្យអនុវត្តនូវស្តង់ដាសាលារៀនគំរូ និងវិធានការគន្លឹះ ដើម្បីលើកកម្ពស់គុណភាពអប់រំកម្រិតបឋមសិក្សារបស់រាជរដ្ឋាភិបាល គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បាននឹងកំពុងជំរុញសាលារៀនឥស្លាមទាំងអស់ ឱ្យយកចិត្តទុកដាក់លើចំណុចស្នូលចំនួន៤៖
១. លទ្ធផលសិក្សារបស់សិស្ស៖ការយកចិត្តទុកដាក់លើអត្រាចូលរៀន ការទប់ស្កាត់ ការបោះបង់ការសិក្សា និងការធានាគុណភាពសិក្សាពិតប្រាកដ។
២. ការបង្រៀន និងរៀនក្នុងថ្នាក់៖ការពង្រឹងវិធីសាស្ត្របង្រៀនបែបនើប ការគោរពវេលា និងការបណ្តុះសីលធម៌ ចរិយាធម៌ សុជីវធម៌ដល់សិស្សានុសិស្ស។
៣. ការចូលរួមរបស់សហគមន៍៖ការពង្រឹងតួនាទីគណៈកម្មការគ្រប់គ្រង សាលារៀន និងការចូលរួមរបស់មាតាបិតាក្នុងការអភិវឌ្ឍសាលា។
៤. អធិការកិច្ច និងរដ្ឋបាលសាលា៖ ការគ្រប់គ្រងរដ្ឋបាលប្រកបដោយ តម្លាភាពប្រសិទ្ធភាព និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនជាប្រចាំ។
អ្នកឧកញ៉ា ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានដាក់ចេញនូវទស្សនទាន ដើម្បី ឆ្ពោះទៅកាន់ទស្សនវិស័យ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំ រយៈពេលវែង ព្រមទាំងការលើកកម្ពស់គោលនយោបាយសិក្សាពេញមួយជីវិត៖
ទី១. ការកសាងគ្រឹះរឹងមាំតាំងពីកម្រិតបឋម៖ ការសិក្សា សញ្ញាបត្របឋមសិក្សាឥស្លាមនាពេលនេះ មិនមែនជាចំណុចបញ្ចប់នោះទេ ប៉ុន្តែវាគឺជា ស្ពានចម្លងដ៏សំខាន់សម្រាប់ឱ្យក្មួយៗបន្តការសិក្សាកម្រិតមធ្យមសិក្សា ឧត្តមសិក្សា និងការអភិវឌ្ឍជំនាញ វិជ្ជាជីវៈឥតឈប់ឈរពេញមួយជីវិត។
ទី២. ការតភ្ជាប់ចំណេះដឹងទូទៅ និងចំណេះដឹងសាសនា៖ យើងត្រូវ បន្តបណ្តុះបណ្តាល យុវជនឱ្យមានតុល្យភាពរវាងចំណេះដឹងសម័យទំនើប (វិទ្យាសាស្ត្រ បច្ចេកវិទ្យា ភាសា) និងចំណេះដឹងសីលធម៌ សាសនា ដើម្បី ធានាថា ពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ ជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព។



