ភ្នំពេញ៖ វិបុលភាពនៅក្រោមម្លប់សន្តិភាព និងក្រោមភ្លើងសង្គ្រាម គឺខុសគ្នាស្រឡះ ដែលនេះជាខ្លឹមសារសំខាន់ ដែល លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានបញ្ជាក់នៅក្នុងសន្និសីទប្រចាំឆ្នាំ ADFIAPលើកទី៤៩ នាទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា អំពីជំរុំជនភៀសសឹកយ៉ាងច្រេីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហេីយជនភាសឹកមិនអាចត្រឡប់ទៅរស់នៅផ្ទះរបស់ខ្លួនឯងវិញបានដោយអំពេីឈ្លានពានពីក្រុមយោធាថៃ ព្រមទាំងបង្ហាញរូបភាពប្រាសាទព្រះវិហារ ដែលខូចខាតដោយសារគ្រាប់បែកទម្លាក់ពីយន្តហោះសៀម។
លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ដើម្បីទទួលបានវិបុលភាពពិតប្រាកដ គឺគួរតែរស់នៅក្រោមម្លប់សន្តិភាព និងនៅក្នុងប្រទេសដែលមានស្ថេរភាពនយោបាយនិងសេដ្ឋកិច្ច យើងត្រូវតែរស់នៅក្រោមម្លប់សន្តិភាព ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់អភិវឌ្ឍប្រទេស និងចែករំលែកវិបុលភាពនេះ។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានគូសបញ្ជាក់ជូនអង្គន្និសីទអំពីសារៈសំខាន់នៃសន្តិភាព ពោលមានសន្តិភាព គឺមានការអភិវឌ្ឍ។
ជាក់ស្តែង សង្រ្គាមបានបំផ្លាញប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកហេីយ ត្រូវបានបំផ្លិចបំផ្លាញដោយការឈ្លានពានពីប្រទេសជិតខាង និងបន្សល់ទុកនូវជនភៀសខ្លួនជាច្រើនពាន់គ្រួសារ ក្នុងនោះមានកុមារ ស្ត្រីដែលបានបាត់បង់លំនៅឋាន មុខរបរ និងការងារប្រចាំថ្ងៃរបស់ខ្លួន។
កិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៩ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ “កិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព រួម ការជំរុញសក្តានុពលក្នុងតំបន់។ ទាក់ទងនិងបញ្ហានេះ លោកបណ្ឌិត កៅ ថាច បាន ចាត់ទុកថា ភាពជាដៃគូរវាងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន អាចជួយ កៀរគរធនធាន ចែករំលែកហានិភ័យ បង្កើនសហថាមពលជំនាញ និងពង្រីកហិរញ្ញប្បទាន ដើម្បីបង្កើតកម្មវិបាកដល់ការអភិវឌ្ឍកាន់តែទូលំទូលាយ។
បន្ថែមពីនេះ ក្នុងនាមជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លោកបណ្ឌិត បានផ្តល់នូវទស្សនទានសំខាន់ៗ ដល់បណ្តាថ្នាក់ដឹកនាំនៃស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍, វិស័យឯកជន, និងភ្ញៀវកិត្តិយសដែលបានចូលរួម “ រួមគ្នាផ្តល់ហិរញ្ញប្បទាន រួមគ្នាកៀរគរធនធាន រួមគ្នាចែករំលែកហានិភ័យ និងរួមគ្នាពង្រីកកម្មវិបាកដើម្បីវិបុលភាពរួម និងការអភិវឌ្ឍ ប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក៕



