ក្រសួងមុខងារសាធារណៈ បង្ហាញពីកម្រិតប្រាក់បៀវត្សសម្រាប់គ្រូបង្រៀនកិច្ចព្រមព្រៀងការងារ អាចទទួលបានរហូតដល់ ១,៧៥០,០០0 រៀល

នៅក្នុង «វេទិកាព័ត៌មានសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ» កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់អំពីប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់គ្រូបង្រៀនកិច្ចព្រមព្រៀងការងារ ដែលនឹងត្រូវជ្រើសរើសចូលបម្រើការងារតាមសាលារៀនសាធារណៈ។
​
ឯកឧត្តមអគ្គនាយក បានលើកឡើងថា គ្រូបង្រៀនដែលជាប់ការប្រឡងប្រជែងជ្រើសរើសក្នុងប្រព័ន្ធកិច្ចព្រមព្រៀងការងារនេះ នឹងទទួលបានប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ ប្រហាក់ប្រហែលទៅនឹងមន្ត្រីក្របខ័ណ្ឌរដ្ឋដែរ គ្រាន់តែការគ្រប់គ្រងត្រូវធ្វើឡើងតាមប្រព័ន្ធកិច្ចព្រមព្រៀងការងារ។
​
កម្រិតប្រាក់បៀវត្សត្រូវបានកំណត់តាមប្រភេទក្របខ័ណ្ឌ និងកម្រិតបង្រៀនដូចខាងក្រោម៖
១.គ្រូមធ្យមសិក្សា (វិទ្យាល័យ និងអនុវិទ្យាល័យ)៖ ទទួលបានប្រាក់បៀវត្សចន្លោះពី ១,៦០,០០០ រៀល ទៅ ១,៧៥,០០០ រៀល ក្នុងមួយខែ ទៅតាមកម្រិត ឬប្រភេទក្របខ័ណ្ឌ និងកិច្ចព្រមព្រៀងដែលបានកំណត់។
​២.គ្រូបឋមសិក្សា៖ ទទួលបានប្រាក់បៀវត្សចន្លោះពី ១,៤៥,០០០ រៀល ទៅ ១,៥០,០០០ រៀល ក្នុងមួយខែ ទៅតាមការកំណត់ជាក់ស្តែង។
​
ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី បានបន្ថែមថា ការរៀបចំប្រព័ន្ធជ្រើសរើស និងការផ្តល់ប្រាក់បៀវត្សសមរម្យនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងគោលបំណងចម្បងពីរ គឺទី១ ដើម្បីបំពេញបន្ថែមនូវកង្វះខាតគ្រូបង្រៀននៅតាមសាលារៀនក្នុងមូលដ្ឋាន កាត់បន្ថយការបង្រៀនបន្ថែមម៉ោង ឬបង្រៀនពីរវេន និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការអប់រំនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
​
បន្ថែមពីលើរបបប្រាក់បៀវត្ស ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការប្រឡងជ្រើសរើសគ្រូមន្ត្រីកិច្ចព្រមព្រៀងការងារនេះ គឺមិនកំណត់អាយុឡើយ ដោយបើកឱកាសជូនបេក្ខជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើងទៅសម្រាប់គ្រូកម្រិតមធ្យមសិក្សា ឬសញ្ញាបត្រសមស្របសម្រាប់គ្រូកម្រិតបឋមសិក្សា។
​
ជាចុងក្រោយ ឯកឧត្តមបានផ្តាំផ្ញើ និងរំលឹកដល់បេក្ខជនទាំងអស់ឱ្យពិនិត្យមើលទីតាំងសាលារៀន ស្រុក-ឃុំ ដែលខ្លួនត្រូវចុះឈ្មោះឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តដាក់ពាក្យ ហើយត្រូវប្រាកដថាមានលទ្ធភាពទៅបម្រើការងារនៅទីតាំងនោះពិតប្រាកដនៅពេលប្រឡងជាប់ ដោយមិនត្រូវមានការតវ៉ា ឬសុំផ្លាស់ប្តូរទីតាំងនាពេលក្រោយដោយសារហេតុផលផ្លូវឆ្ងាយ ឬពិបាកធ្វើដំណើរនោះឡើយ៕