៦ឆ្នាំនៃការខិតខំប្រឹងប្រែង និងការស្វែងរកជ័យលាភីឆ្នើមផ្នែកវិទ្យាសាស្ត្រផែនដី! ក្លឹបធរណីវិទ្យាកម្ពុជា បានរៀបចំដោយជោគជ័យ កម្មវិធីប្រកួតប្រជែងផែនដីវិទ្យា (ESC) លើកទី៦ ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ ស្របពេលដែលការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា កម្មវិធីប្រកួតប្រជែងផែនដីវិទ្យា (ESC) លើកទី៦ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ជាមួយនឹងការរកឃើញយុវជនឆ្នើមៗជាច្រើនរូប ដែលប្រកបដោយសមត្ថភាព និងការគិតបែបវិទ្យាសាស្ត្រស៊ីជម្រៅ។

កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្លឹបធរណីវិទ្យាកម្ពុជា បានរៀបចំពិធីប្រគល់ពាន មេដាយ និងវិញ្ញាបនបត្រជូនដល់ជ័យលាភី ក្រោមបរិយាកាសយ៉ាងមហោឡារិក និងកក់ក្តៅបំផុត ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សសរុបប្រមាណ ៣០០នាក់។

នៅក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញនាឆ្នាំនេះ បេក្ខជនឆ្នើមជាច្រើនរូបត្រូវបានស្វែងរកឃើញ រួមមាន៖ ជ័យលាភីមេដាយមាស ចំនួន ៦នាក់, ជ័យលាភីមេដាយប្រាក់ ចំនួន ៩នាក់, ជ័យលាភីមេដាយសំរឹទ្ធិ ចំនួន ៧៩នាក់ និងជ័យលាភីកិត្តិយស ចំនួន ១៤៣នាក់។ ដោយឡែក តំណែង «ជ័យលាភីបេក្ខជនឆ្នើមប្រចាំកម្មវិធី» បានទៅលើប្អូន ថោង សិរីវិចិត្រ សិស្សថ្នាក់ទី១១ មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA First International School) ដែលទទួលបានពានរង្វាន់កិត្តិយស ព្រមទាំងឱកាសពិសេសក្នុងការចូលរួមរាល់សកម្មភាព និងកម្មវិធីទាំងអស់របស់ក្លឹបធរណីវិទ្យាកម្ពុជាដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំពេញ។

យ៉ាងណាមិញ ដើម្បីរក្សានូវស្តង់ដា គុណភាព និងតម្លាភាពខ្ពស់បំផុតនៃការប្រកួត គណៈកម្មការរៀបចំកម្មវិធីក៏បានសម្រេចដកបេក្ខភាពបេក្ខជនសរុបចំនួន ១៣៦នាក់ ផងដែរ ដោយសារការល្មើសទៅនឹងលក្ខខណ្ឌ និងបទបញ្ញត្តិនានាដែលបានកំណត់ដោយគណៈកម្មការរៀបចំ។

ថ្លែងនៅក្នុងពិធីបិទកម្មវិធី លោក ស្រៀង គឹមស្រ៊ន ស្ថាបនិក និងជាប្រធានក្លឹបធរណីវិទ្យាកម្ពុជា បានគូសបញ្ជាក់អំពីទស្សនវិស័យអប់រំថា៖
«ការរៀនវិទ្យាសាស្ត្រមិនគួរបញ្ចប់ត្រឹមការចងចាំទ្រឹស្តី ឬការឆ្លើយសំណួរក្នុងការប្រកួតនោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺការប្រែប្រួលពី «ការរៀនវិទ្យាសាស្ត្រ» ទៅជា «ការប្រើប្រាស់វិទ្យាសាស្ត្រ» ដោយទាមទារឱ្យយើងចេះសួរសំណួរ ស្វែងរកភស្តុតាង ចេះគិតវិភាគ និងនាំយកចំណេះដឹងទាំងនោះទៅអនុវត្តផ្ទាល់ដើម្បីដោះស្រាយបញ្ហាសង្គម-បរិស្ថាន។ ក្នុងន័យនេះ កំហុស ឬការមិនបានទទួលជ័យលាភីក្នុងការប្រកួត មិនមែនជាបរាជ័យឡើយ ប៉ុន្តែវាជាមេរៀនដែលបង្ហាញពីចំណុចត្រូវកែលម្អ និងជាទុនជំរុញឱ្យការរៀនសូត្រស្វែងយល់ពីភពផែនដីដំណើរការទៅមុខដោយគ្មានទីបញ្ចប់ ពីព្រោះអនាគតនៃវិទ្យាសាស្ត្រផែនដីមិនបានស្ថិតនៅត្រឹមតែក្នុងមន្ទីរពិសោធន៍ សាកលវិទ្យាល័យ ផែនទី ឬសៀវភៅសិក្សានោះទេ គឺស្ថិតនៅក្នុងដៃរបស់អ្នកជំនាន់ក្រោយទាំងអស់គ្នា។»

ជាមួយគ្នានេះដែរ លោកស្រី ម៉ិច ស៊ីណា សហស្ថាបនិកក្លឹបធរណីវិទ្យាកម្ពុជា និងជាប្រធានកម្មវិធី ESC2026 បានសម្តែងនូវការកោតសរសើរ និងរំលេចអំពីតួនាទីយ៉ាងសំខាន់របស់អ្នកនៅពីក្រោយខ្នងជោគជ័យនេះថា៖
«សមិទ្ធផលដ៏ត្រចះត្រចង់នាពេលនេះ មិនមែនកើតចេញតែពីញើសឈាម និងការប្រឹងប្រែងរបស់ប្អូនៗសិស្សានុសិស្សម្នាក់ឯងនោះឡើយ ប៉ុន្តែវាជាផ្លែផ្កាកកើតចេញពីការលះបង់យ៉ាងធំធេងទាំងកម្លាំងកាយចិត្ត ថវិកា ព្រមទាំងការអប់រំទូន្មាន និងផ្ទេរចំណេះដឹងឥតឈប់ឈរពីសំណាក់លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាលគ្រប់រូប។ ដូច្នេះ ជ័យជម្នះថ្ងៃនេះគឺជាមោទនភាពរួមគ្នា ហើយសូមប្អូនៗយកលទ្ធផលនេះធ្វើជាឈ្នាន់ជំហានដំបូង ក្នុងការបន្តពង្រឹងសមត្ថភាព រក្សាគុណធម៌ និងអភិវឌ្ឍខ្លួនឱ្យក្លាយជាប្រយោជន៍ដល់សង្គមជាតិ ដើម្បីឆ្លើយតបទៅនឹងគុណូបការៈដ៏ថ្លៃថ្លារបស់ពួកគាត់។»

ចំណែកឯប្អូនស្រី មុនី វិជិតា តំណាងបេក្ខជនជ័យលាភីមេដាយ មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ (សាលារៀនជំនាន់ថ្មី) ដែលបានរួមដំណើរជាមួយកម្មវិធីនេះអស់រយៈពេល ៦ឆ្នាំមកហើយ ចាប់តាំងពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២ បានចែករំលែកអារម្មណ៍ផ្ទាល់ខ្លួនថា កម្មវិធី ESC ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ និងពង្រឹងសមត្ថភាពអាន និងការគិតរបស់ប្អូន។ ប្អូនបានកត់សម្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្មវិធីតែងតែមានការវិវត្តឥតឈប់ឈរ ដោយបានបញ្ចូលនូវសំណួរតម្រូវឱ្យមានការគិតវិភាគលម្អិត ដែលជួយជំរុញឱ្យបេក្ខជនគ្រប់រូបអភិវឌ្ឍខ្លួនឯង និងទទួលបានចំណេះដឹងថ្មីៗជានិច្ច។

ពិធីប្រគល់ពាន និងមេដាយនៃកម្មវិធីប្រកួតប្រជែងផែនដីវិទ្យា (ESC) លើកទី៦ នេះ បានបិទបញ្ចប់ទៅដោយស្នាមញញឹម ក្តីរំភើប និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តលើកកម្ពស់ការសិក្សាផ្នែកវិទ្យាសាស្ត្រផែនដីនៅកម្ពុជាឱ្យកាន់តែរីកចម្រើនតទៅមុខទៀត៕