រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៥៤ ឆ្នាំ២០២៦
(ភ្នំពេញ) នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ» ជំនាន់ទី៥៤ ឆ្នាំ២០២៦ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា គ្រូឧទ្ទេស និងសិក្ខាកាមជាព្រះសង្ឃ អាចារ្យ អាចារិនី នាទីស្ដីការក្រសួង។ វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មានព្រះសិក្ខាកាម និងសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន២៣៩អង្គ/នាក់ ព្រះសង្ឃចំនួន១៨ព្រះអង្គ អាចារិនីចំនួន៤នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ គឺជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានមើលឃើញថា ការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗ របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី មានលក្ខណៈខុសៗគ្នា ទើបសម្តេចបានផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ណែនាំឱ្យក្រសួងធម្មការនិងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើតវគ្គបណ្ដុះបណ្ដាលនេះឡើង ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ឱ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាបញ្ចៀសកុំឱ្យមាននូវវិបត្តិអាចារ្យកើតឡើងនៅក្នុងសង្គមខ្មែរ។ រាជរដ្ឋាភិបាលនីតីកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិរក្ស និងអភិវឌ្ឍ ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ សំដៅតម្រង់ទិសការរៀបចំសាសនពិធី ទម្រង់អាពាហ៍ពិពាហ៍ និងពិធីកម្មផ្សេងៗទៀត ឱ្យមានលក្ខណៈត្រឹមត្រូវនិងមានគោលការណ៍ឯកភាពគ្នា ព្រមទាំងកសាងបានក្រុមជនគំរូ សម្រាប់ចូលរួមលើកកម្ពស់សីលធម៌ គុណធម៌ និងសាមគ្គីធម៌ក្នុងសង្គម។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់អាចារ្យក្នុងសង្គមបច្ចុប្បន្នថា អាចារ្យ អាចារិនី គឺជាអ្នកដឹកនាំពិធីកម្មសាសនា ជាស្ពានចម្លងរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ជាអ្នករៀបចំពិធីមង្គល និងអវមង្គលឱ្យត្រឹមត្រូវតាមលំដាប់លំដោយបុរាណ ជាអ្នកអប់រំសីលធម៌ក្នុងសហគមន៍ ជាជំនួយការរបស់ព្រះគ្រូចៅអធិការក្នុងការដឹកនាំគ្រប់គ្រងវត្ត កុំឱ្យកើតមានអធិករណ៍ ជាសហធាតុដ៏សំខាន់ក្នុងការថែរក្សា អភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនា និងជានិមិត្តរូបនៃអ្នកដឹកនាំខាងចិត្តវិញ្ញាណ ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ជ្រាបការអប់រំសីលធម៌ គុណធម៌ សុជីវធម៌ ជាពិសេសជួយទប់ស្កាត់បញ្ហាអសកម្មក្នុងសង្គម ដូចជា ក្មេងទំនើង គ្រឿងញៀន និងអំពើជាអបាយមុខផ្សេងៗ។
ដើម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ និងជាទីគោរពស្រឡាញ់ពីពុទ្ធបរិស័ទ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យអាចារ្យ អាចារិនី ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ស្នូលចំនួន៤ចំណុច គឺ ទី១ ក្រមសីលធម៌ខាងចំណេះដឹង និងការប្រតិបត្តិត្រឹមត្រូវតាមធម៌វិន័យ ប្រកាន់ខ្ជាប់សីលប្រាំ ឬសីលប្រាំបី មានចំណេះដឹងច្បាស់លាស់លើក្បួនខ្នាត ធម៌អាថ៌ និងគម្ពីរដីកា មានកាយវិការសមរម្យ និងមានយោនិសោមនសិការៈ ចេះបត់បែនស្របតាមឆន្ទៈបរិស័ទភាគច្រើន។ ទី២ មិនលោភលន់ មិនទាមទារ ឬកម្រិតតម្លៃបច្ច័យពីម្ចាស់ទាន គោរពពេលវេលា អត់ធ្មត់ និងសុភាពរាបសា។ ទី៣ធ្វើខ្លួនជាស្ពានចម្លងដ៏ល្អ គោរពកោតក្រែងព្រះសង្ឃ មិនលំអៀង ផ្ដល់សេវាពិធីកម្មដល់ពុទ្ធបរិស័ទគ្រប់រូបដោយស្មើភាព និងចេះដោះស្រាយបញ្ហាដោយសន្តិវិធី។ ទី៤ ត្រូវរក្សាជាដាច់ខាតនូវគុណសម្បត្តិរបស់អាចារ្យ ដោយហាមសេពគ្រឿងស្រវឹង ឬសារធាតុញៀនគ្រប់ប្រភេទ ហាមបង្កប់ជំនឿខុសឆ្គងដែលនាំឱ្យប្រជាពលរដ្ឋងប់ងល់ខុសពីគន្លងព្រះពុទ្ធសាសនា និងហាមប្រើពាក្យអសុរោះ ឬកាយវិការច្រងេងច្រងាងក្នុងកម្មវិធី ហើយត្រូវជៀសវាងជាដាច់ខាតនូវគុណវិបត្តិ ៣យ៉ាង គឺ ១) អាចារ្យទិដ្ឋ (អាចារ្យទិដ្ឋិ) គឺអាចារ្យប្រកាន់គំនិតខ្លួនជាធំ សំដៅលើអាចារ្យដែលមានគំនិតរឹងរូស ងប់ងល់ ឬប្រកាន់យកតែទស្សនៈ និងការយល់ឃើញរបស់ខ្លួនឯងជាធំ (មិច្ឆាទិដ្ឋិ) ២) អាចារ្យតណ្ហ (អាចារ្យតណ្ហា)គឺអាចារ្យដែលមានភាពលោភលន់ សំដៅលើអាចារ្យដែលបំពេញកិច្ចការពិធីកម្មសាសនា ឬប្រពៃណី ដោយសារតែសេចក្តីលោភលន់ ចង់បានលាភសក្ការៈ ទ្រព្យសម្បត្តិ និងបច្ច័យ (កម្រៃ) ជាធំ។ ៣)អាចារ្យមាន (អាចារ្យមានៈ) គឺអាចារ្យចូលចិត្តអួតអាង ប្រកាន់ខ្លួន សំដៅលើអាចារ្យដែលមានការប្រកាន់តួខ្លួនខ្ពស់ មានចិត្តមានៈ អួតអាង និងចូលចិត្តដំកើងខ្លួនឯងជាងអ្នកដទៃ។
ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានផ្ដល់អនុសាសន៍សំខាន់ៗ ប្រគេន និងជូនដល់សិក្ខាកាមក្នុងវគ្គទី៥៤នេះ ក្នុងន័យលើកកម្ពស់ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដើម្បីថែរក្សាមរតកដូនតា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍ ដូចខាងក្រោម៖
១- ត្រូវយកចំណេះដឹង ធម៌វិន័យ និងក្បួនខ្នាតប្រពៃណីដែលបានរៀនសូត្រពីវគ្គបណ្ដុះបណ្ដាល ទៅអនុវត្តក្នុងពិធីកម្មនានាឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធផលខ្ពស់ ហើយត្រូវសហការគ្នារៀបចំកិច្ចពិធីទាំងមង្គល និងអវមង្គល ឱ្យមានភាពឯកភាពគ្នាតាមតំបន់នីមួយៗ។
២- ត្រូវធ្វើជាគំរូខាងសីលធម៌ និងគុណធម៌ ប្រកាន់ខ្ជាប់នូវសីលប្រាំ ឬសីលប្រាំបី រស់នៅស្អាតស្អំ មានពាក្យសម្ដីទន់ភ្លន់ និងកាយវិការថ្លៃថ្នូរ ដើម្បីជាទីគោរពរាប់អាននៃមហាជន។
៣- ត្រូវចេះសម្របសម្រួលកម្មវិធីបុណ្យ ឬពិធីការនានាឱ្យមានភាពខ្លីខ្លឹម មិនអូសបន្លាយពេលវេលាហួសហេតុ និងមិនបង្កជាបន្ទុកថវិកាដ៏ធ្ងន់ធ្ងរដល់ម្ចាស់កម្មវិធី ខណៈពេលដែលនៅតែរក្សាបាននូវអត្ថន័យដើមនៃពិធីកម្ម។
៤- ត្រូវបង្កើនកិច្ចសហការល្អរវាងអាចារ្យ និងអាចារិនី ដោយគោរពតួនាទីគ្នាទៅវិញទៅមក និងកសាងសាមគ្គីភាពផ្ទៃក្នុងជាមួយព្រះសង្ឃ គណៈកម្មការវត្ត ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន ព្រះអនុគណ ព្រះមេគណ និងមន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ដើម្បីចូលរួមទប់ស្កាត់កុំឱ្យមានអធិករណ៍កើតឡើងក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។
៥- ត្រូវចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅកាន់យុវជនជំនាន់ក្រោយ ដែលមានបំណងចង់រៀនសូត្រ ដើម្បីកុំឱ្យក្បួនខ្នាតខ្មែររលាយបាត់បង់ ហើយត្រូវប្រើប្រាស់វេទិកាក្នុងពិធីបុណ្យនានា ដើម្បីអប់រំសីលធម៌សង្គម ណែនាំពុទ្ធបរិស័ទឱ្យយល់ដឹងពីតម្លៃពិតប្រាកដនៃប្រពៃណីជាតិ ជៀសឆ្ងាយពីអបាយមុខផ្សេងៗ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព។
ជាទីបញ្ចប់ មុននឹងប្រកាសបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ» ជំនាន់ទី៥៤ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគេន និងចែកជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់ព្រះមន្ត្រីសង្ឃ អាចារ្យ អាចារិនី ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ព្រមទាំងបានប្រគេនពរ និងជូនពរដល់អង្គពិធីទាំងមូល សូមបានទទួលនូវឧត្តមពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ។



