ឯកឧត្តម ផឹង ពីន៖ អំណាន និងការផ្លាស់ប្តូររវាងយុវជន ជាស្ពានភ្ជាប់មិត្តភាព និងជំរុញសហគ្រិនភាពចិន-កម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរួមគ្នា
ភ្នំពេញ៖ ឯកឧត្តម ផឹង ពីន អនុប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធានការិយាល័យកសាងអរិយធម៌ខាងស្មារតីនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន បានលើកឡើងថា អំណាន ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងយុវជនចិន-កម្ពុជា គឺជាស្ពានសំខាន់សម្រាប់ពង្រឹងចំណងមិត្តភាព និងបើកឱកាសថ្មីៗដល់យុវជននៃប្រទេសទាំងពីរក្នុងការសិក្សា ស្វែងរកនវានុវត្តន៍ និងចាប់ផ្តើមអាជីវកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរួមគ្នា។
ការលើកឡើងនេះធ្វើឡើងក្នុងព្រឹត្តិការណ៍នៃ
ពិធីបើក «ព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជន កម្ពុជា-ចិន (Tomorrow’s Boss)» និងសម្ពោធទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង»នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ជាតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស និងយុវជនមកពីប្រទេសចិន និងកម្ពុជា។
ឯកឧត្តម ផឹង ពីន បានសម្តែងការអបអរសាទរចំពោះការរៀបចំព្រឹត្តិការណ៍នេះ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះយុវជននៃប្រទេសទាំងពីរ ដោយចាត់ទុកយុវជនជាកម្លាំងសំខាន់ក្នុងការបន្តវេនមិត្តភាពចិន-កម្ពុជា និងជាដៃគូសំខាន់សម្រាប់ការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី។
ឯកឧត្តមបានគូសបញ្ជាក់ថា ចំណងមិត្តភាពរវាងចិន និងកម្ពុជា បានឆ្លងកាត់ការសាកល្បងនៃពេលវេលា និងត្រូវបានបន្តពង្រឹងពីមួយជំនាន់ទៅមួយជំនាន់។ ក្នុងបរិបទនេះ ខេត្តយូណាន ដែលជាច្រកជួរមុខមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា កំពុងបង្កើតឱកាសកាន់តែច្រើនសម្រាប់យុវជននៃប្រទេសទាំងពីរ ក្នុងការសិក្សា ផ្លាស់ប្តូរ សហការគ្នា និងស្វែងរកឱកាសអភិវឌ្ឍអាជីវកម្ម។
ជាក់ស្តែង និស្សិតកម្ពុជាជាច្រើនកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងខេត្តយូណាន ទាំងភាសាចិន និងជំនាញវិជ្ជាជីវៈផ្សេងៗ ព្រមទាំងចូលរួមជាមួយយុវជនយូណានក្នុងការស្រាវជ្រាវ ការពិភាក្សា និងការអនុវត្តគម្រោងពាក់ព័ន្ធនឹងសហគ្រិនភាព។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងយូណាន និងកម្ពុជា ក៏កំពុងបង្កើតឱកាសថ្មីៗក្នុងវិស័យផលិតកម្មកម្រិតខ្ពស់ ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តម ផឹង ពីន បានលើកឧទាហរណ៍ថា ការតភ្ជាប់តាម «ផ្លូវសូត្រអាកាស» រវាងប្រទេសទាំងពីរ ក៏បានបង្កើតឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជនកម្ពុជា។ ក្នុងនោះ យុវជនខ្មែរ ឆុង ជំរឿន បានចូលបម្រើការងារនៅមជ្ឈមណ្ឌលប្រតិបត្តិការអាកាសយានដ្ឋាននៃក្រុមហ៊ុន Yunnan Airinvestment (Cambodia) Airport Management Co., Ltd. ដែលជាឧទាហរណ៍មួយនៃការទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងប្រធានបទនៃព្រឹត្តិការណ៍ ឯកឧត្តម ផឹង ពីន បានចាត់ទុក «ថ្ម» ជានិមិត្តរូបនៃភាពរឹងមាំ ការតស៊ូ និងការខិតខំប្រឹងប្រែង ដែលអាចឆ្លុះបញ្ចាំងពីដំណើររបស់យុវជនក្នុងការកសាងអនាគត និងសម្រេចក្តីសុបិន។ ឯកឧត្តមបានលើកឧទាហរណ៍ពីទីក្រុងយីអ៊ូ ប្រទេសចិន ដែលបានវិវឌ្ឍពីទីក្រុងតូចមួយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ តាមរយៈការខិតខំប្រឹងប្រែង និងការច្នៃប្រឌិតជាបន្តបន្ទាប់។
ក្នុងឱកាសនេះ ឯកឧត្តមបានផ្តល់សំណើចំនួន៣ចំណុចដល់យុវជនចិន និងកម្ពុជា ដោយទី១ ស្នើឱ្យយុវជនរួមគ្នាកសាង «ថ្មគ្រឹះ» ដ៏រឹងមាំសម្រាប់មិត្តភាពចិន-កម្ពុជា និងបន្តថែរក្សាប្រពៃណីមិត្តភាពពីមួយជំនាន់ទៅមួយជំនាន់។ ទី២ ស្នើឱ្យយុវជនប្រើប្រាស់កិច្ចសហប្រតិបត្តិការជាកម្លាំងជំរុញ ដើម្បីភ្ជាប់គុណសម្បត្តិ និងសក្តានុពលរបស់ប្រទេសទាំងពីរ ឱ្យក្លាយជាឱកាសសម្រាប់ការអភិវឌ្ឍរួម។ និងទី៣ ស្នើឱ្យយុវជនមានភាពក្លាហានក្នុងការសាកល្បង និងបង្កើតនវានុវត្តន៍ថ្មីៗ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ថាមពលបៃតង និងកសិកម្មទំនើប។
ឯកឧត្តមបានបន្តថា ការបណ្តុះសមត្ថភាពយុវជនតាមរយៈអំណាន ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ អាចជួយឱ្យយុវជននៃប្រទេសទាំងពីរយល់ពីគ្នាកាន់តែស៊ីជម្រៅ និងបង្កើតគំនិតថ្មីៗសម្រាប់ការសហការនាពេលអនាគត។
ក្នុងព្រឹត្តិការណ៍នេះផងដែរ ទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» ត្រូវបានសម្ពោធជាផ្លូវការនៅកម្ពុជា ដែលជាផ្នែកមួយនៃសកម្មភាពលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនចិន-កម្ពុជា តាមរយៈសៀវភៅ និងការអាន។
ឯកឧត្តម ផឹង ពីន បានបង្ហាញក្តីសង្ឃឹមថា ទូដាក់សៀវភៅនេះនឹងក្លាយជាកន្លែងមួយដែលជួយឱ្យយុវជនចិន និងកម្ពុជាបានអានរឿងរ៉ាវរបស់គ្នា យល់ពីក្តីសុបិន និងបទពិសោធន៍របស់គ្នាទៅវិញទៅមក ព្រមទាំងជំរុញឱ្យ «អំណាន» ក្លាយជាមធ្យោបាយមួយសម្រាប់បង្កើនការយល់ដឹង ការផ្លាស់ប្តូរ និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
ជារួម ព្រឹត្តិការណ៍ «Tomorrow’s Boss» មិនត្រឹមតែជាវេទិកាអំណានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់យុវជនចិន និងកម្ពុជាចែករំលែកចំណេះដឹង បទពិសោធន៍ និងគំនិតថ្មីៗ ព្រមទាំងស្វែងរកឱកាសសហការក្នុងការធ្វើនវានុវត្តន៍ និងសហគ្រិនភាព ដើម្បីរួមចំណែកបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធ៕



