ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរខួបទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦) នៅសាលប្រជុំសាលាខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សាន់ ដារិទ្ធិ អភិបាលនៃគណៈ អភិបាលខេត្តស្តីទី។
ក្នុងឱកាសនោះ អង្គពិធីបានប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ដើម្បីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា លើកទី២ ក្នុងន័យរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការបង្កើត និងការការពារច្បាប់កំពូលរបស់ជាតិ ដែលជាគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការអភិវឌ្ឍប្រទេសជាតិ។
ថ្លែងនៅក្នុងពិធី លោក សាន់ ដារិទ្ធិ អភិបាលខេត្តស្ដីទី បានរំលឹកពីប្រវត្តិសាស្ត្រ និងព្រះរាជសង្កថាដ៏មានតម្លៃរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា ចំពោះសមាជិកទាំង ១២០រូប នៃសភាធម្មនុញ្ញឆ្នាំ១៩៩៣ ដោយទ្រង់បានហៅរកនូវឯកភាពជាតិ ឯកភាពនយោបាយ និងឯកភាពរដ្ឋបាល ព្រមទាំងការបញ្ឈប់នូវអប្បគមន៍ ដើម្បីផ្តល់ជូនប្រជារាស្ត្រវិញនូវសន្តិភាពដ៏យូរអង្វែង។
លោក អភិបាលខេត្តស្ដីទី បានគូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ គឺមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តអនុវត្តតាមស្មារតីរដ្ឋធម្មនុញ្ញ ពង្រឹងកម្លាំងមហាសាមគ្គីជាតិ និងថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពនយោបាយ។ រាជរដ្ឋាភិបាលនឹងបន្តរុញច្រានការអភិវឌ្ឍប្រទេសជាតិ តាមរយៈការអនុវត្ត «កម្មវិធីនយោបាយ» និង «យុទ្ធសាស្ត្របញ្ចកោណ» ដើម្បីឈានទៅសម្រេចឱ្យបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលខ្ពស់នាពេលអនាគត៕



