ឯកឧត្តម ឈៀង យ៉ាណា ដឹកនាំកិច្ចពិគ្រោះយោបល់ស្តីពីកម្មវិធីសហប្រតិបត្តិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលស្វីស

នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងលោក Reto Grueninger នាយកកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា  (SDC) បានដឹកនាំកិច្ចពិគ្រោះយោបល់ស្តីពីកម្មវិធីសហប្រតិបត្តិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលស្វីស ។ គោលបំណងចម្បងនៃកិច្ចពិគ្រោះយោបល់នេះ គឺដើម្បីពិភាក្សាលើគោលដៅអភិវឌ្ឍន៍កម្ពុជា ក្រោមកម្មវិធីសហប្រតិបត្តិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ ព្រមទាំងទិសដៅនៃកិច្ចសហប្រតិបត្តិការជាមួយស្វីសនាពេលអនាគត ។ កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ១៨ និងតំណាងជាន់ខ្ពស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា  (SDC) សរុបប្រមាណ ៦០ រូប ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលស្វីសក្នុងវិស័យសំខាន់ៗរួមមាន សុខាភិបាល, ទេសចរណ៍, ការអភិវឌ្ឍជំនាញ, បម្រែបម្រួលអាកាសធាតុ និងភាពធន់បរិស្ថាន, អភិបាលកិច្ច, ការបោសសម្អាតមីន និងសហគ្រិនភាព នៅក្រោមកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គសម្រាប់ឆ្នាំ២០២២–២០២៦ ដែលបានបញ្ចប់ទៅដោយជោគជ័យ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍នូវការពង្រីកកិច្ចសហប្រតិបត្តិការពីថ្នាក់តំបន់មេគង្គ ទៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូលនៃកម្មវិធីសហប្រតិបត្តិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ ។ កម្មវិធីសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើវិស័យអាទិភាពចំនួនពីររួមមាន៖ ១) សកម្មភាពក្នុងបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន និង ២) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ដោយបញ្ចូលគោលការណ៍អភិបាលកិច្ចល្អ ជាមូលបទអន្តរវិស័យ ។ អង្គប្រជុំបានបង្ហាញការគាំទ្រចំពោះកម្មវិធីសហប្រតិបត្តិការនេះ និងគូសបញ្ជាក់អំពីសង្គតិភាពនៃកម្មវិធីទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរ ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូ ដើម្បីសម្រេចឱ្យបាននូវគោលដៅនៃកម្មវិធីសហប្រតិបត្តិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ នាពេលអនាគត ។