ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
រាជធានីភ្នំពេញ÷ នៅទីស្តីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឧកញ៉ាវេជ្ជបណ្ឌិត តាន់
គឹមមេង សហប្រធានក្រុមការងារ ផ្នែកសុខាភិបាល តំណាងផ្នែកឯកជន និងមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន លោក លោកស្រីប្រធាន អនុប្រធាន និងមន្រ្តី នៃអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងមកពីគ្រឹះស្ថានសុខាភិបាលឯកជន សរុបចំនួន៨៧រូប ដើម្បីពិភាក្សាវឌ្ឍនភាព និងពិនិត្យដោះស្រាយនូវព័ត៌មានត្រឡប់ ពាក់ព័ន្ធវិស័យសុខាភិបាលឯកជន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមការងារវិស័យឯកជន ដែលបានលើកយកបញ្ហាមកពិភាក្សាដោះស្រាយ ដើម្បីធ្វើយ៉ាងណាជំរុញដល់កិច្ចសហប្រតិបត្តិការនិងវិស័យឯកជន។ បន្ថែមពីនេះ ជំរុញឱ្យអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសធ្វើការដោះស្រាយនូវបញ្ហារបស់វិស័យឯកជនឱ្យបានឆាប់រហ័ស និងស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាព ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាលឱ្យកាន់តែមានគុណភាព និងអ្នកបម្រើសេវាត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ព្រោះគុណភាពសេវាជាចំណុចសំខាន់ចម្បង។ បន្ថែមពីនេះ ការរីកចម្រើននៃបច្ចេកវិទ្យា អាចជួយការងារជាច្រើន ស្របពេលបច្ចេកវិទ្យា AI អាចជួយការងារក្នុងវិស័យសុខាភិបាលបានជាច្រើន ប៉ុន្តែអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាអ្នកសម្រេចចិត្តចុងក្រោយ ព្រោះបច្ចេកវិទ្យាមិនអាចជំនួយឱ្យការសម្រេចចិត្តរបស់មនុស្សបានទាំងស្រុងឡើយ។
ក្នុងឱកាសនោះ ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង តំណាងវិស័យឯកជន បានកោតសរសើរដល់ក្រសួងសុខាភិបាល ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងការដោះស្រាយបញ្ហាដែលជាកង្វល់របស់វិស័យឯកជន និងបានលើកយកនូវបញ្ហា និងកង្វល់របស់វិស័យឯកជនមកដាក់ជូនកិច្ចប្រជុំដោះស្រាយ។
កិច្ចប្រជុំបានដោះស្រាយពីបញ្ហាលើកឡើង និងសំណូមពររបស់វិស័យឯកជន ដោយការអនុវត្តត្រូវស្របតាមលក្ខខណ្ឌនានា ឬលិខិតបទដ្ឋានជាធរមាន និងការពន្លឿនការងារក្នុងការបម្រើសេវាសាធារណៈឱ្យបានកាន់តែឆាប់រហ័ស និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជនឱ្យកាន់តែស្អិតរមួត ក្នុងគោលដៅរួមធានាលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕



