ឯកឧត្តម នេត្រ ភក្ត្រា៖ កម្ពុជាត្រួតពិនិត្យទីតាំងសង្ស័យ ៨៣២ កន្លែង បង្ក្រាបទីតាំងឆបោកខ្នាតធំ ៨៦ កន្លែង និងបង្កកប្រាក់ជាង ៣០០ លានដុល្លារ

ភ្នំពេញ៖ កម្ពុជាបានបង្ហាញលទ្ធផលជាក់ស្តែងនៃការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចបានត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៨៣២ កន្លែង ចាត់វិធានការលើទីតាំងចំនួន ៦៦៣ កន្លែង និងបង្ក្រាប-រំលាយទីតាំងឆបោកខ្នាតធំចំនួន ៨៦ កន្លែង។ ជាមួយគ្នានេះ សំណុំរឿងចំនួន ៤៤៦ ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងជនសង្ស័យចំនួន ៣.៩២៧ នាក់ ខណៈទឹកប្រាក់ជាង ៣០០ លានដុល្លារអាម៉េរិក នៅក្នុងគណនីធនាគារដែលជាប់ពាក់ព័ន្ធនឹងការឆបោក ត្រូវបានបង្កក។

តួលេខខាងលើត្រូវបានបង្ហាញដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៅក្នុងថ្ងៃទី១ នៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS 2026) ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា លទ្ធផលជាតួលេខនេះបង្ហាញពីវិសាលភាពនៃការអនុវត្តច្បាប់ និងសកម្មភាពជាក់ស្តែងរបស់អាជ្ញាធរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការងារនេះរួមមានការត្រួតពិនិត្យទីតាំងសង្ស័យ ការចាត់វិធានការ ការបង្ក្រាប និងរំលាយទីតាំងឆបោក ការស៊ើបអង្កេត ការបញ្ជូនសំណុំរឿងទៅតុលាការ និងការចាត់វិធានការលើទ្រព្យសម្បត្តិដែលជាប់ពាក់ព័ន្ធនឹងបទល្មើស។

ក្នុងចំណោមលទ្ធផលទាំងនេះ ការបង្ក្រាបទីតាំងឆបោកខ្នាតធំចំនួន ៨៦ កន្លែង គឺជាផ្នែកសំខាន់មួយនៃប្រតិបត្តិការបង្ក្រាប ខណៈការបញ្ជូនសំណុំរឿងចំនួន ៤៤៦ ទៅតុលាការ ពាក់ព័ន្ធនឹងជនសង្ស័យ ៣.៩២៧ នាក់ បង្ហាញពីការបន្តនីតិវិធីតាមផ្លូវច្បាប់ បន្ទាប់ពីការស៊ើបអង្កេត និងប្រមូលភស្តុតាង។ ទន្ទឹមនឹងនេះ ការបង្កកទឹកប្រាក់ជាង ៣០០ លានដុល្លារអាម៉េរិក ក៏ជាផ្នែកមួយនៃការចាត់វិធានការលើលំហូរហិរញ្ញវត្ថុដែលជាប់ពាក់ព័ន្ធនឹងការឆបោកផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនអាចបញ្ចប់ត្រឹមការបិទទីតាំង ឬការចាប់ខ្លួនជនសង្ស័យមួយចំនួននោះឡើយ។ គោលដៅសំខាន់ គឺការកាត់ផ្តាច់ ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល ចាប់ពីការរៀបចំ និងដំណើរការទីតាំងឆបោក ការស្វែងរក និងជ្រើសរើសជនរងគ្រោះ ការប្រើប្រាស់បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង រហូតដល់ការផ្ទេរ លាក់បាំង និងប្រើប្រាស់លំហូរហិរញ្ញវត្ថុដែលបានមកពីបទល្មើស។

ជាពិសេស ការតាមដាន និងកាត់ផ្តាច់លំហូរហិរញ្ញវត្ថុ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបំបែកបណ្តាញឧក្រិដ្ឋកម្ម ព្រោះការបិទទីតាំងមួយមិនមានន័យថា មេខ្លោង ឬបណ្តាញដែលផ្តល់ហិរញ្ញប្បទានត្រូវបានបំបែកទាំងស្រុងនោះទេ។ ដូច្នេះ កម្ពុជាត្រូវបន្តពង្រឹងការស៊ើបអង្កេតហិរញ្ញវត្ថុ តាមដានលំហូរប្រាក់ កំណត់អត្តសញ្ញាណអ្នកទទួលផល និងចាត់វិធានការលើទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស ស្របតាមច្បាប់ជាធរមាន។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានលក្ខណៈឆ្លងដែន ដោយបណ្តាញឧក្រិដ្ឋកម្មអាចប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីប្រព្រឹត្តបទល្មើសទៅលើជនរងគ្រោះនៅប្រទេសមួយទៀត ខណៈមេខ្លោង ប្រភពហិរញ្ញវត្ថុ និងបណ្តាញគាំទ្រអាចស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា។ ហេតុនេះ គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពតែម្នាក់ឯងបានឡើយ។

សន្និសីទ ICCOS 2026 ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើង ដើម្បីប្រមូលផ្តុំការប្តេជ្ញាចិត្ត បទពិសោធន៍ និងសមត្ថភាពរបស់បណ្តាប្រទេស អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ វិស័យហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា ឱ្យឈានទៅរកវិធានការរួមដែលអាចអនុវត្តបានជាក់ស្តែង។

ដូច្នេះក្នុងក្របខណ្ឌនេះ កម្ពុជាបានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការចែករំលែកព័ត៌មាន ការស៊ើបអង្កេតឆ្លងដែន ការតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ ការកសាងសមត្ថភាពស្ថាប័នអនុវត្តច្បាប់ និងការការពារជនរងគ្រោះ។ កិច្ចសហប្រតិបត្តិការទាំងនេះមានគោលដៅធ្វើឱ្យការបង្ក្រាបមានប្រសិទ្ធភាពជាងមុន និងទប់ស្កាត់បណ្តាញឆបោកមិនឱ្យផ្លាស់ទី ឬកកើតឡើងវិញ។

ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាប្រតិបត្តិការរយៈ ពេលខ្លីនោះទេ ប៉ុន្តែជាការងារដែលត្រូវបន្តអនុវត្តប្រកបដោ យនិរន្តរភាព ដោយផ្តោតលើការបង្ក្រាប ការស៊ើបអង្កេត ការកាត់ផ្តាច់ហិរញ្ញវត្ថុ ការការពារជនរងគ្រោះ និងការទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឧក្រិដ្ឋកម្ម។

ការបង្ហាញលទ្ធផលជាក់ស្តែងនៃថ្ងៃទី១ នៃសន្និសីទ ICCOS 2026 បានបង្ហាញពីការភ្ជាប់រវាង សកម្មភាពអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្តោតលើគោលដៅរួម គឺការកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម និងការបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕