បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យដឹងថាគិតមកដល់ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានអាយុ ៣៣ ឆ្នាំគត់

បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានឱ្យដឹងថា គិតមកដល់ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានអាយុ ៣៣ ឆ្នាំគត់។ រដ្ឋធម្មនុញ្ញនេះ គឺជាសមិទ្ធផលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរ សម្តែងឡើងតាមរយៈការបោះឆ្នោតជាសាកលកាលពីឆ្នាំ១៩៩៣ ហើយរដ្ឋធម្មនុញ្ញ នេះបានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរបបនយោបាយ ក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌស្ថាប័ននៅលើខឿនប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។

“ខ្ញុំមើលឃើញថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានភាពរឹងមាំលើការអនុវត្ត ព្រោះបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា​មកដល់បច្ចុប្បន្ន មានសុខសន្តិភាពផ្ទៃក្នុង​ពេញលេញ ជារដ្ឋមានស្ថិរភាព នយោបាយផ្ទៃក្នុង ​ជាមួយនឹងកំណើន​សេដ្ឋកិច្ចខ្ពស់​​ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក​។ បើទោះបីរយៈពេលចុងក្រោយនេះមានការធ្លាក់ចុះកំណើនសេដ្ឋកិច្ចបន្តិចក្តីដោយសារកក្តាថៃឈ្លានពាន និងកក្តានយោបាយអន្តរជាតិប្រែប្រួល ប៉ុន្តែការអនុវត្តរដ្ឋធម្មនុញ្ញនៅក្នុងសង្គមកម្ពុជា គឺនៅតែស្ថិតក្នុងកម្រិតល្អ និងរឹងមាំដដែល ពោលគឺសន្តិភាពក្នុងប្រទេសត្រូវរំខានដោយបញ្ហាថៃឈ្លានពានទឹកដីខ្មែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែការអនុវត្តរដ្ឋធម្មនុញ្ញក្នុងប្រទេសនៅតែពេញលេញ ហើយមិនត្រឹមតែឆ្លើយតបបានទៅនឹងច្បាប់ជាតិប៉ុណ្ណោះទេ កម្ពុជាថែមទាំងបានឆ្លើយតបទៅនឹងច្បាប់អន្តរជាតិក្នុងកម្រិតស្តង់ដាខ្ពស់ផងដែរ ជាប្រទេសដែលគោរពច្បាប់ជាតិ អន្តរជាតិ និងមានភាពប្រាកដនិយមនយោបាយ លើការតវ៉ានានាចំពោះការរំលោភបំពានរបស់ថៃលើទឹកដីខ្មែរ។ ដោយឡែកការរំខានសន្តិភាពផ្ទៃក្នុងដោយបញ្ហា SCAM ONLINE គឺជាបញ្ហាអន្តរជាតិ ដែលករណីនេះ មិនមែនមានតែកម្ពុជា មួយទេ ពោលគឺវាកើតមានគ្រប់ទិសទីលើពិភពលោក ក្នុងនោះកម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះមួយប៉ុណ្ណោះ។”

ជាងនេះទៅទៀត រយៈពេល ៣៣ ឆ្នាំកន្លងមកនេះ យើងឃើញថា គ្រប់ស្ថាប័នជាតិទាំងអស់ ទាំងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងវិស័យឯកជន សង្គមស៊ីវិលនានា និងប្រជាពលរដ្ឋទូទៅទូទាំងប្រទេស សុទ្ធតែបានទទួលការគាំពារពីរដ្ឋធម្មនុញ្ញនេះ ស្របតាមគោលការណ៍នីតិរដ្ឋ ដោយវាបានឆ្លុះបញ្ចាំងតាមរយៈការទទួលបាននូវសិទ្ធិជាសារវន្ត ជាអាទិ៍ សិទ្ធិដើរហើរ សិទ្ធិលើជំនឿសាសនា សិទ្ធិបង្កើតគណបក្សនយោបាយ សិទ្ធិបង្កើតសហជីព សមាគម អង្គការនានា សិទ្ធិជួបប្រជុំ ប្រមូលផ្តុំ សិទ្ធិសម្តែងមតិនិងបញ្ចេញមតិស្របតាមច្បាប់កំណត់ សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្នោះឱ្យគេបោះឆ្នោតឱ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។ល។

ជារួម យើងអាចសន្និដ្ឋានបានថា រយៈពេល ៣៣ ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានដើរតួនាទី សំខាន់បំផុតក្នុងការធានាឱ្យមានសន្តិភាព ស្ថេរភាពសង្គម នយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ​ ជាពិសេស រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានធានាឱ្យមានសន្តិសុខគតិយុត្តិក្នុងការគ្រប់គ្រងរដ្ឋលើគ្រប់វិស័យ រួមទាំងការពារបានយ៉ាងល្អឥតខ្ចោះនូវបាវចនាជាតិ “ជាតិ សាសនា ព្រះមហាក្សត្រ” ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាមគោលការណ៍នីតិរដ្ឋ។

ដូនេះ យើងត្រូវបន្តរួមគ្នាការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ឱ្យបានស្ថិតស្ថេរតទៅ ដើម្បីកម្ពុជាឈានឆ្ពោះទៅជាប្រទេសនីតិរដ្ឋ ពោរពេញដោយសក្តានុពល និងការអភិវឌ្ឍលើគ្រប់វិស័យ និងរួមគ្នាការពារបូរណភាព ទឹកដីដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។

ពាក់ព័ន្ធនឹងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានបង្ហាញថា ដើម្បីធានាការពារការគោរពរដ្ឋធម្មនុញ្ញ និងការអនុវត្តរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញបានដើរតួនាទី សំខាន់តាំងពីក្រុមប្រឹក្សាធម្មនុញ្ញបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ១៩៩៨ ជាអាទិ៍ ការបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ ការដោះស្រាយវិវាទបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅគ្រប់អាណត្តិបោះឆ្នោតតាំងពីឆ្នាំ១៩៩៨ មក ដោយធានាបាននូវដំណើរការបោះឆ្នោតមួយដែលអនុវត្តច្បាប់បានពេញលេញ ការដោះស្រាយវិវាទបោះឆ្នោតព្រឹទ្ធសភានៅគ្រប់អាណត្តិ ការដោះ ស្រាយវិវាទពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរៀងរាល់ឆ្នាំ ដើម្បីធានាថាពលរដ្ឋនីមួយៗមានសិទ្ធិបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ព្រមទាំងតួនាទីសំខាន់មួយទៀតគឺការថ្វាយមតិព្រះមហាក្សត្រចំពោះសេចក្ដីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញកន្លងមក ក្នុងគោលដៅធានា ប្រក្រតីភាពសង្គម ធានាស្ថេរភាពភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសម្រេចស្ថាពរ ចុងក្រោយ បិទផ្លូវតវ៉ា និងមានអានុភាព អនុវត្តលើរាល់អំណាចទាំងឡាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

តាមរយៈការសម្រេចទៅលើករណីនីមួយៗដែលក្រុមប្រឹក្សាធម្មនុញ្ញបានចេញជាដំណោះស្រាយតាម សេចក្តីសម្រេចកន្លងមក គឺបានធ្វើឱ្យស្ថានភាពជ្រួលច្របល់ និងចលាចលសង្គមដោយការមិនព្រមអនុវត្តច្បាប់ពីក្រុមមនុស្សមួយចំនួនតូច បានស្ងប់ស្ងាត់ទៅវិញ និងជំនួសដោយការចូលរួមអនុវត្តច្បាប់យ៉ាងពេញលេញពីគ្រប់ភាគី ដែលនេះសបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅពេលដែលជំនឿទុកចិត្តត្រូវបានផ្តល់ជូនស្ថាប័នកំពូលជាតិមួយនេះពីគ្រប់មជ្ឍដ្ឋានសង្គម។

ក្រៅពីសមត្ថកិច្ចខាងលើនេះ ក្រុមប្រឹក្សាធម្មនុញ្ញក៏បានដើរតួនាទីសំខាន់ឱ្យមានការគោរពការការពាររដ្ឋធម្មនុញ្ញ តាមរយៈការផ្តួចផ្តើមគំនិតបញ្ជូលបទប្បញ្ញត្តិគ្រឹះសំខាន់ៗនៃរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិតរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្តួចផ្តើមកសាង “វិមានរដ្ឋធម្មនុញ្ញ” ដែលក្នុងព្រះរាជពិធីសម្ពោធកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានប្រោសប្រទានព្រះបរមរាជឱង្ការថា “វិមាន រដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យនិមិត្តរូបនីតិរដ្ឋដែលមានរដ្ឋធម្មនុញ្ញជាកំពូលនៃច្បាប់ផងទាំងឡាយនៅព្រះរាជាណាចក្រកម្ពុជាយើង។”

 វិមានរដ្ឋធម្មនុញ្ញ ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំណត់ឱ្យគ្រប់ស្ថាប័នជាតិទាំងអស់គ្រប់ជាន់ថ្នាក់ ត្រូវគោរពរំលឹកនៅថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ។

ពាក់ព័ន្ធនឹងការចូលរួមរបស់យុវជនក្នុងការសិក្សា និងផ្សព្វផ្សាយចំណេះដឹងអំពីរដ្ឋធម្មនុញ្ញ បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានបង្ហាញទស្សនៈថា ការចូលរួមរបស់យុវជនក្នុងការសិក្សា និងផ្សព្វផ្សាយចំណេះដឹងអំពីរដ្ឋធម្មនុញ្ញ មានសារៈសំខាន់ណាស់ ព្រោះយុវជនជាកម្លាំងស្នូល និងជាអ្នកបន្តវេនរបស់សង្គម។ ការយល់ដឹងអំពីរដ្ឋធម្មនុញ្ញជួយឱ្យយុវជនស្គាល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន គោរពច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងចូលរួមក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិដោយមានការទទួលខុសត្រូវ។ ដូច្នេះ ការសិក្សា និងផ្សព្វផ្សាយចំណេះដឹងអំពីរដ្ឋធម្មនុញ្ញក្នុងចំណោមយុវជន គឺជាមូលដ្ឋានសម្រាប់ការពង្រឹង វប្បធម៌គោរពរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ នៅក្នុងសង្គម។

ការសិក្សាអំពីរដ្ឋធម្មនុញ្ញជួយឱ្យយុវជនយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍គ្រឹះនៃរដ្ឋ ការគោរពច្បាប់ សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកាតព្វកិច្ចដែលខ្លួនត្រូវអនុវត្ត។ ចំណេះដឹងទាំងនេះអាចជួយឱ្យយុវជនមានស្មារតីទទួលខុសត្រូវ គោរពសិទ្ធិរបស់អ្នកដទៃ និងចូលរួមក្នុងសង្គមដោយសន្តិវិធី និងមានការយល់ដឹង។ ជាមួយគ្នានេះ ការផ្សព្វផ្សាយចំណេះដឹងអំពីរដ្ឋធម្មនុញ្ញដោយយុវជនទៅកាន់មិត្តភក្តិ គ្រួសារ សាលារៀន និងសហគមន៍ ក៏ជួយបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីច្បាប់កំពូលរបស់ប្រទេស។ វាក៏រួមចំណែកដល់ការលើកកម្ពស់វប្បធម៌គោរពរដ្ឋធម្មនុញ្ញ នីតិរដ្ឋ សិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ។

សរុបមក ការចូលរួមរបស់យុវជនក្នុងការសិក្សា និងផ្សព្វផ្សាយចំណេះដឹងអំពីរដ្ឋធម្មនុញ្ញ មិនត្រឹមតែផ្តល់ប្រយោជន៍ដល់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងការយល់ដឹងផ្នែកច្បាប់របស់សង្គម និងរួមចំណែកក្នុងការកសាងសង្គមមួយដែលគោរពច្បាប់ សិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។