វេទិកាថ្នាក់រដ្ឋមន្ត្រី នៃវេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ (Ministers’ Forum of the Global Sustainable Transport Forum 2026)
រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៖ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងវេទិការដ្ឋមន្ត្រី នៃការដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ និងអភិបាលកិច្ចសកល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យដឹកជញ្ជូនប្រកបដោយចីរភាព”។
រដ្ឋមន្ត្រី/អនុរដ្ឋមន្ត្រី ដែលអញ្ជើញមកពីប្រទេសចំនួន ២៨ បានចែករំលែកអំពីទស្សនៈវិស័យ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ទំនើបភាវូបនីយកម្ម អភិបាលកិច្ច នវានុវត្តន៍ និងបច្ចេកវិទ្យាទំនើបថ្មីៗ ដែលអាចជួយជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនឲ្យកាន់តែចីរភាព មានភាពធន់ និងបរិយាប័ន្ន ដោយបានអំពាវនាវរឲ្យគ្រប់ភាគីពាក់ព័ន្ធពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ជាលទ្ធផល ប្រទេសជាសមាជិកនៃវេទិកាទាំងអស់បានសម្តែងនូវការគាំទ្រចំពោះក្របខ័ណ្ឌគំនិតផ្តួចផ្តើមនៃការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ដែលប្រកាន់ខ្ជាប់នូវគោលការណ៍៣៖ (១) បើកចំហ បរិយាប័ន និង មិនបង្ខំ, (២) ភាពច្នៃប្រឌិត, និង (៣) អាចអនុវត្តបាន និងទទួលបានលទ្ធផលល្អ៕



