ឯកឧត្តម​ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្តេចធិបតី រក្សាស្ថិរភាពកម្ពុជា​​ និងបន្តជំរុញកំណែទម្រង់ក្រោមយុទ្ធសាស្ត្របញ្ចកោណ ទោះប្រឈមសម្ពាធ និងវិបត្តិពីខាងក្រៅ

(ភ្នំពេញ) ក្នុងរយៈពេលមួយឆ្នាំដែលកម្ពុជាប្រឈមនឹងវិបត្តិ និងសម្ពាធពីខាងក្រៅ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរក្សាស្ថិរភាពប្រទេសជាតិ និងបន្តជំរុញកំណែទម្រង់តាមយុទ្ធសាស្ត្របញ្ចកោណ។ សម្តេចធិបតី បានកំណត់ទិសដៅច្បាស់លាស់សម្រាប់កម្ពុជា និង​ត្រូវបន្តរក្សាទិសដៅអភិវឌ្ឍន៍នេះ ក្នុងបរិបទពិភពលោកដែលថាមពលកាន់តែមានភាពមិនប្រាកដ​ប្រជា និងមានតម្លៃថ្លៃឡើង។

នេះ​ជា​ការ​លើក​ឡើង​របស់​ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គណៈកម្មាធិការជាតិសម្រាប់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក)  ក្នុងវេទិកាពិភាក្សាគោលនយោបាយ ស្តីពី «វិបុលភាពសេដ្ឋកិច្ច-សង្គម ក្នុ​ងអំឡុងពេលនៃ​ការ​ផ្លាស់ប្តូរ​ទៅរកសេដ្ឋកិច្ចប្រកបដោយនិរន្តភាព​បរិស្ថាននៅ​កម្ពុជា – Socioeconomic Prosperity Amid the transition to an environmentally Sustainable Economy in Cambodia​» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ជាមួយ​គ្នានោះ ឯកឧត្តម លី ធុជ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ ការបង្កើនប្រសិទ្ធភាពថាមពល ដែលអាចជួយពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គាំទ្រកំណើន និងការប្រកួតប្រជែងរបស់ឧស្សាហកម្ម ព្រមទាំងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងថា «ថាមពលដែលមានតម្លៃថោកបំផុត គឺថាមពលដែលយើងមិនចាំបាច់ទិញ»។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅកាត់បន្ថយការប្រើប្រាស់ថាមពលសរុបយ៉ាងតិច ១៩% ត្រឹមឆ្នាំ២០៣០ ហើយបានអំពាវនាវឱ្យមានការរួមគ្នាពីគ្រប់ភាគី ដើម្បីប្រែក្លាយគោលនយោបាយទៅជាសកម្មភាពជាក់ស្តែងនៅក្នុងរោងចក្រ អគារ ការដឹកជញ្ជូន និងគ្រួសារ។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសង្កត់ធ្ងន់ថា កម្ពុជាធ្លាប់ស្តារប្រទេសឡើងវិញពីចំណុចចាប់ផ្តើមដែលលំបាកជាងនេះ ដោយផ្អែកលើភាពជាក់ស្តែង ការរៀនសូត្រពីដៃគូ និងការដាក់ប្រជាពលរដ្ឋជាចំណុចកណ្តាលនៃរាល់ការសម្រេចចិត្ត។ ឯកឧត្តម​បានបញ្ជាក់ថា ភាពជាដៃគូនៅតែជាកត្តាសំខាន់ ខណៈការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចប្រកបដោយចីរភាព មិនអាចសម្រេចបានដោយប្រទេសណាមួយតែឯងឡើយ។