អ៊ុយក្រែនសងសឹកដោយបាញ់ Drone ជាង១០០០គ្រឿងសំដៅទៅប្រទេសរុស្ស៊ី ជាពិសេសគឺទីក្រុងម៉ូស្គូដែលបានរៀបចំការបោះឆ្នោតសភានាថ្ងៃចុងក្រោយ

មន្ត្រីនានាបានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានបាញ់យន្តហោះ Drone ជាង ១០០០ គ្រឿងសំដៅទៅលើប្រទេសរុស្ស៊ីក្នុងអំឡុងពេលយប់ រួមទាំងមាន Drone រាប់រយគ្រឿងទៀតដែលត្រូវបានគេបាញ់សំដៅទៅលើទីក្រុងមូស្គូ ខណៈដែលវិមានក្រឹមឡាំងកំពុងបញ្ចប់ថ្ងៃទីបី និងជាថ្ងៃចុងក្រោយនៃការបោះឆ្នោតសភារបស់ខ្លួនកាលពីថ្ងៃអាទិត្យនេះ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះ Drone អ៊ុយក្រែនសរុបចំនួន ១១១០ គ្រឿងនៅទូទាំងប្រទេសរុស្ស៊ី ក៏ដូចជានៅលើឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រែន និងដែនទឹកនៃសមុទ្រខ្មៅ។ ទីភ្នាក់ងារព័ត៌មានអនឡាញ Astra បានចែករំលែកវីដេអូដែលបង្ហាញពីអ្វីដែលគេអះអាងថាជា Drone ធ្លាក់ចុះនៅក្នុងតំបន់លំនៅដ្ឋានមួយក្នុងតំបន់មូស្គូ និងវីដេអូនៃរោងចក្រថាមពលកម្ដៅមួយកន្លែងដែលបានឆេះដោយសារ Drone របស់អ៊ុយក្រែន។ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា Drone ចំនួន ៤៥០ គ្រឿងត្រូវបានបំផ្លាញនៅតាមផ្លូវឆ្ពោះទៅកាន់រដ្ឋធានីរបស់រុស្ស៊ី ហើយការវាយប្រហារនេះបានបង្កការខូចខាតដល់រោងចក្រចម្រាញ់ប្រេងមូស្គូ និងអគារលំនៅដ្ឋានមួយកន្លែង។ លោកបាននិយាយថា “ការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើទីក្រុងមូស្គូនៅពេលនេះ គឺជាការប៉ុនប៉ងរំខានដល់ដំណើរការបោះឆ្នោតរបស់ពួកគេតែប៉ុណ្ណោះ។ លោកបានថ្លែងថា៖ សត្រូវបានបរាជ័យក្នុងរឿងនេះ។ ចំណែកលោក Andrei Vorobyov ដែលជាអភិបាលតំបន់ បាននិយាយថា៖ ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និង ២០ នាក់ផ្សេងទៀតរងរបួសនៅទូទាំងតំបន់មូស្គូ។ ក្នុងចំណោមអ្នករងរបួសទាំងនោះ មានអ្នកស្រី Natalia Sanaikina ដែលជាមន្ត្រីការិយាល័យបោះឆ្នោតនៅក្នុងស្រុក Leninsky នៃតំបន់មូស្គូ។ យោងតាមលោក Vorobyov បានបញ្ជាក់ថា៖ អ្នកស្រីបានរងរបួសជើងនៅផ្ទះរបស់គាត់អំឡុងពេលមានការវាយប្រហារនៅពេលយប់។ លោកបានទូរស័ព្ទទៅអ្នកស្រីដោយផ្ទាល់ដើម្បីផ្តល់ជំនួយទាន់ពេល។ ការបោះឆ្នោតសភាលើកដំបូងរបស់រុស្ស៊ីក្នុងអំឡុងពេលមានជម្លោះនេះ គឺស្ទើរតែគ្មានការប្រឆាំងទៅនឹងគោលនយោបាយរបស់ប្រធានាធិបតី Vladimir Putin ទៅហើយ ហើយវាស្ទើរតែប្រាកដណាស់ថានឹងមានពង្រឹងឥទ្ធិពលគ្រប់គ្រងរបស់គណបក្សកាន់អំណាចបច្ចុប្បន្នដែលមានឈ្មោះថា “United Russia”៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ