ប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់ លើសពីការគ្រោងទុក ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី
នាថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យកំពង់ស្ពឺ ក្រុងច្បារមន មានរៀបចំពិធីផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងនាយកសាលាភូមិន្ទរដ្ឋបាលតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានអ្នកចូលរួមជាប្រជាពលរដ្ឋសរុបប្រមាណជាង ១០០០០ នាក់ ដោយចំនួននេះលើសពីការរំពឹងទុក ដែលបានគ្រោងត្រឹមចំនួន ៣៦០០នាក់ ក្នុងនោះរួមមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ៨៣៧នាក់ ថ្នាក់ដឹកនាំមូលដ្ឋាន និងសមាជិក ស.ស.យ.ក។
តាមរបាយការណ៍ស្វាគមន៍របស់លោក ជិន កែវសុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានជម្រាបជូនថា ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាថ្ងៃនេះ មានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សរុបចំនួន ៨៣៧នាក់ បានចុះពិនិត្យសុខភាព ចែកជូនថ្នាំពេទ្យ ជូនប្រជាពលរដ្ឋ និងផ្តល់សេវាដោយឥតគិតថ្លៃ ។លោក អនុប្រធានមន្ទីរសុខាភិ បាលខេត្តកំពង់ស្ពឺ បានជម្រាបជូនបន្តថា ការពិគ្រោះព្យាបាលជំងឺនាថ្ងៃនេះ រួមមាន៖ ជំងឺទូទៅ ផ្លូវចិត្ត ទូទៅផ្នែកកុមារ រោគស្ត្រី ឬដូងបាត សួត ក្រពះ ពោះវៀន ផ្លូវដង្ហើម ប្រដាប់រំលាយអាហារ សើស្បែក ដង្កូវព្រូន ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ គ្រុនចាញ់ គ្រុនឈាម ភ្នែក សុខភាពមាត់ធ្មេញ ទឹក នោមផ្អែម បេះដូង លើសឈាម ត្រចៀក ច្រមុះ បំពង់ក កម្រងនោម ។ ជំងឺទាំងអស់នេះមានជំងឺមួយចំនួនត្រូវបានពិនិត្យដោយ៖ អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះ ខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) និងមានវះកាត់តូចនិងព្យាបាលរបួស។ល។
បន្ទាប់មតិចំណាប់អារម្មណ៍របស់ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាល ខេត្តកំពង់ស្ពឺ រួចមក។
ឯកឧត្ដម យក់ ប៊ុនណា បានជម្រាបជូនអង្គពិធី ជាពិសេសប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ ពិគ្រោះយោបល់សុខភាព និងព្យាបាលជំងឺនាពេលនេះ អំពីការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលតែងតែគិតគូរអំពីសុខភាព និងសុខុមាលភាពរបស់ប្រជាជន ហើយតែងតែចុះជាប់ជាមួយប្រជាជននៅតាមមូលដ្ឋានគ្រប់កាលៈទេសៈ ដើម្បីបានដឹងច្បាស់ពីសុខទុក្ខនិងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា “ការលើកកម្ពស់សុខភាពសាធារណៈ សុខភាពរបស់ប្រជាជន ជាការគិតគូរអាទិភាពបំផុតរបស់រាជរដ្ឋាភិបាល មិនមែនត្រឹមតែអភិវឌ្ឍបច្ចេកទេសនិងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត មកពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនដល់មូលដ្ឋានផងដែរ។”
សូមជម្រាបថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺជាច្រើនផ្នែកជូនប្រជាពលរដ្ឋ រួមមាន៖ ជំងឺទូទៅ ផ្លូវចិត្ត ទូទៅផ្នែកកុមារ រោគស្ត្រី ឬដូងបាត សួត ក្រពះ ពោះវៀន ផ្លូវដង្ហើម ប្រដាប់រំលាយអាហារ សើស្បែក ដង្កូវព្រូន ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ គ្រុនចាញ់ គ្រុនឈាម ភ្នែក សុខភាពមាត់ធ្មេញ ទឹក នោមផ្អែម បេះដូង លើសឈាម ត្រចៀក ច្រមុះ បំពង់ក កម្រងនោម ជាដើម៕



