អាជ្ញាធរ ប្រជាពលរដ្ឋ និងប្រជាសហគមន៍នេសាទចុងឃ្នៀស ទទួលបានចំណេះដឹង និងផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀន និងApp NoDrug

ខេត្តសៀមរាប  ៖ រសៀលថ្ងៃទី២០ ខែកញ្ញា  ឆ្នាំ២០២៦ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងចុះសហការជាមួយអាជ្ញាធរក្រុងសៀមរាប និងសង្កាត់ចុងឃ្នៀស ដឹកនាំដោយ ឡំ សុខាក់ នាយករដ្ឋបាលតំណាងអភិបាលក្រុងសៀមរាប និងលោក អុំ ណារី ដើម្បីផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug ដើម្បីទទួលចំណេះដឹង និងរាយការណ៍យកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ ក៏ដូចជាមូលដ្ឋាន។

ថ្លែងក្នុងនាម លោក នួន ពុទ្ធារ៉ា  អភិបាលក្រុង លោក ឡំ សុខាក់ បានថ្លែងដោយជំរុញឱ្យអាជ្ញាធរ ប្រជាពលរដ្ឋ ប្រជាសហគមន៍ជួយផ្សព្វផ្សាយនូវបញ្ហាគ្រឿងញៀន ក៏ដូចជា App NoDrug ដល់សមាជិកប្រជាសហគមន៍ ក្រុមគ្រួសារ សុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗ ក្នុងនោះមានបញ្ហាគ្រឿងញៀនជាចម្បង។

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ពាំនាំប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងអំណរគុណ កោតសរសើរ ដល់គ្រប់សមាសភាពដែលបានចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបានលើកយកបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ក៏ដូចជាមុខងារនានាដែលមានបំពាក់ក្នុង App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មាន៖ កំសាន្តអប់រំ ព័ត៌មាន មេរៀន ការស្វែងរកការព្យាបាលហើយនិងមុខងាររាយការណ៍សម្រាប់ស្វែងរកអន្តរាគមន៍ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងសហគមន៍ និងបានសំណូមពរឲ្យអ្នកចូលរួមទាំងអស់ផ្សព្វផ្សាយបន្តនូវចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន និងប្រជាពលរដ្ឋ វិទ្យាសាគមន៍ដើម្បីចៀសឆ្ងាយបានពីបញ្ហាគ្រឿងញៀនដើម្បីសុវត្ថិភាពនិងការរីកចម្រើនរបស់សហគមន៍មូលដ្ឋាន។

ជាមួយគ្នានេះ អាជ្ញាធរនិងប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ខ្លាំងលើកម្មវិធី NoDrug តាមរយៈការសម្ដែងនូវភាពសប្បាយរីករាយដោយទទួលបានព័ត៌មាន ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនពិសេសអត្ថប្រយោជន៍នៃ App NoDrug ហើយពួកគាត់នឹងផ្សព្វផ្សាយពីការយល់ដឹងនេះបន្តដើម្បីការពារប្រជាពលរដ្ឋ-ប្រជាសហគមន៍និងក្រុមគ្រួសាររបស់ពួកគាត់។